ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងកក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការលាងសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើម និងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. ខ្ទឹមស
ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ ដែលល្អចំពោះសុខភាពថ្លើម។ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
២. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុ curcumin ដែលជួយក្នុងការសម្អាតថ្លើមបន្សាបជាតិពុលបានយ៉ាងប្រសើរ។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៣. បន្លែបៃតង
ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតចំពោះសុខភាពថ្លើម។ វាក៏ជួយក្នុងការបន្សាបជាតិពុលនៃថ្លើម រួមទាំងបង្កើនប្រសិទ្ធិភាពប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៤. តៃបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ catechins ដែលជម្រុញការបំបែកជាតិខ្លាញ់នៅក្នុងថ្លើមទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។ លើសពីនេះទៅទៀតការទទួលទានតែបៃតងជាប្រចាំក៏អាចព្យាបាល និងទប់ស្កាត់បញ្ហាថ្លើមគួរអោយកត់សម្គាល់។
៥. ផ្លែបឺរ
ផ្លែបឺរ គឺមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងទៀតផង។ ផ្លែបឺរ ក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរី និងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៦. គ្រាប់វាល់ណឺត
គ្រាប់ធញ្ញជាតិនេះមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ គ្រាប់វាល់ណឺតសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣, សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឲ្យថ្លើមមានសុខភាពល្អរឹងមាំ។ វាបញ្ចេញជាតិពុលគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ ទោះជាយ៉ាងណា អ្នកមិនគួរបរិភោគវាច្រើនពេកឡើយ។
៧. ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកនូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំង វីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញ ដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។
៨. ឆៃថាវក្រហម
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំទ្រមុខងារនៃថ្លើម។ ដូច្នេះកុំភ្លេចបន្ថែមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕