ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានពងក្រួច ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ដឹងទេថា ពងក្រួច ដែលមានទំហំតូចៗអាចផ្ដល់អត្ថប្រយោជន៍សុខភាពគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលកាន់តែពិសេសនោះ គឺពងក្រួចមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពច្រើនជាងពងមាន់ទៅទៀត។ ដូច្នេះកុំភ្លេចបន្ថែមពងក្រួចក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ថាតើពងក្រួចប្រសើរណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានពងគ្រួចចំពោះសុខភាព ៖

១. ព្យាបាលអាឡែកហ្ស៊ី

នោះក៏ព្រោះតែ ពងក្រួច មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ovomucoid ដែលជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាអាឡែកស៊ីក្នុងរាងកាយបានយ៉ាងប្រសើរ។ ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈផ្សេងៗនៃប្រតិកម្មអាឡែកហ្សី នោះពងគ្រួចជាជម្រើសនៃអាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទាន។

២. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ក្រៅពីទប់ស្កាត់ហានិភ័យនៃបញ្ហាផ្សេងៗទាក់ទងនឹងជំងឺក្រពះហើយនោះ ពងក្រួចថែមទាំងជួយបង្កើនពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទៀតផង។ លើសពីនេះទៅទៀត ពងក្រួច មានប្រសិទ្ធភាពបង្កើនភាពសកម្មនៃខួរក្បាលជួយអោយការចងចាំរបស់អ្នកកាន់តែប្រសើរឡើង។ ជាមួយនឹងបរិមាណខ្ពស់នៃជាតិដែកដែលមានផ្ទុក ពងក្រួច ក៏ជួយបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺពងក្រួចអាចកម្ចាត់ជាតិលោហៈ និងសារធាតុពុលផ្សេងៗចេញពីក្នុងរាងកាយបាន។

៣. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ដោយសារតែបរិមាណខ្ពស់នៃអាស៊ីតអាមីណូ ជាពិសេស គឺ Leucine នៃពងក្រួចធ្វើអោយវាក្លាយជាអាហារដែលមានប្រសិទ្ធភាពអាចរក្សាតុល្យភាពនៃកម្រិតអាំងស៊ុយលីន និងជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមគួរអោយកត់សម្គាល់។

៤. សុខភាពស្បែក

ពងក្រួចជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីននិងLysine ដែលជាអាស៊ីតអាមីណូជួយក្នុងបង្កើនការផលិតកូឡាជែន។ ហើយកូឡាជែន គឺជាប្រភេទនៃប្រូតេអ៊ីនមួយប្រភេទដែលស្បែកត្រូវការដើម្បីរក្សាភាពតឹងណែន ទប់ស្កាត់ស្នាមជ្រីវជ្រួញ និងយារធ្លាក់។

៥. សុខភាពភ្នែក

នោះក៏ព្រោះតែពងក្រួចជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់ថែរក្សាការពារសុខភាពភ្នែក និងធ្វើឲ្យមើលឃើញបានកាន់តែច្បាស់។

៦. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

បរិមាណខ្ពស់នៃជាតិដែកក្នុងពងក្រួចជួយក្នុងការបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់
ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ ចំណែកឯអាស៊ីតអាមីណូនៅក្នុងពងគ្រួច គឺអាចបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហម។ អេម៉ូក្លូប៊ីន គឺជាប្រូតេអ៊ីនមួយប្រភេទដែលដើរតួនាទីចាំបាច់ក្នុងការភ្ជាប់សារធាតុចិញ្ចឹមជាមួយនឹងអុកស៊ីសែន ហើយដឹកនាំទៅកាន់គ្រប់ផ្នែកនៃរាងកាយ។

៧. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

ការបន្ថែមពងក្រួចក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយរាងកាយឲ្យគ្រប់គ្រងបាននូវតុល្យភាពត្រឹមត្រូវនៃកម្រិតកូឡេស្តេរ៉ូល នេះក៏ព្រោះតែពងគ្រួចមានផ្ទុកនូវអាស៊ីតខ្លាញ់ល្អៗច្រើន។ អាស៊ីតខ្លាញ់ល្អៗទាំងនោះ គឺអាចផ្ដល់ឥទ្ធិពលវិជ្ជមានលើមុខងារនៃបេះដូង ក៏ដូចជាសរីរាង្គដទៃទៀត។ ទោះជាយ៉ាងណា អ្នកដែលធ្លាប់មានបញ្ហាទាក់ទងនឹងកូឡេស្តេរ៉ូល មិនគួរទទួលទានពងក្រួចច្រើនពេកឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង