ប៉ូលិស​ថៃ​បាន​ក្របួច​អ្នក​ភ្នាល់ និង​កត់​បាល់​ប្រហែល ៣ ០០០នាក់​ទូទាំង​ប្រទេស ក្នុង​រយៈពេល​ត្រឹម​តែ ៤ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រឹត្តិការណ៍​បាល់ទាត់ World Cup បាន​ចាប់ផ្ដើម។

លោក Chalermkiat Srivorakhan ស្នងការ​ប៉ូលិស​ជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា មនុស្ស​ដែល​ត្រូវ​ឃាត់​ខ្លួន​ប្រមាណ ២៥០នាក់​ក្នុង​ចំណោម​នោះ រស់​នៅ​ទីក្រុង​បាងកក និង​បណ្ដា​ខេត្ត​ជិតៗ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Srivorakhan បាន​បញ្ជាក់​ថា ក្នុងចំណោម ៣ ០០០នាក់​ខាង​លើ មិន​មាន​មនុស្ស​វ័យ​ក្មេង​ឡើយ ហើយ​ប៉ូលិស​ក៏​មិន​ទទួល​បាន​ការ​រាយការណ៍ អំពី​បទ​ឧក្រិដ្ឋកម្ម​ណា​មួយ ដែល​ទាក់ទង​នឹង​ការ​ចាញ់​បាល់ ក្នុង​អំឡុង​ពេល​៤ថ្ងៃ​នេះ​ដែរ។

គួរ​បញ្ជាក់​ថា គេហទំព័រ​ភ្នាល់​បាល់​ជាង ១០០ ០០០ ត្រូវ​បាន​គេ​រក​ឃើញ ហើយ​ក្នុង​នោះ​មាន​គេហទំព័រ​ជាង ១០០ ដំណើរការ​ដោយ​ជនជាតិ​ថៃ។

យ៉ាងណាមិញ លោក Srivorakhan បាន​និយាយ​ថា «ការ​ភ្នាក់​បាល់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ គឺ​មាន​ទំហំ​ធំ​ជាង ៤ឆ្នាំ​មុន ដោយសារតែ​ប្រជាជន​ងាយ​ស្រួល​ចូល​មើល​គេហទំព័រ​ភ្នាល់​បាល់​ទាំង​នោះ តាម​រយៈ​ទូរសព្ទ​ដៃ»។

លោក​ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​នឹង​កោះហៅ​តារា​ម៉ូដែល ប្រហែល​១០នាក់ ឲ្យ​មក​កាន់​ស្ថានីយ​ប៉ូលិស​ក្នុង​ទីក្រុង​បាងកក នៅ​សប្ដាហ៍​ក្រោយ និង​ចោទប្រកាន់​ពួកគេ ដែល​បាន​ញុះញង់​ឲ្យ​ប្រជាជន​ភ្នាល់​បាល់៕

ប្រភព៖ sabay.com.kh