មកទល់នឹងបច្ចុប្បន្នមនុស្សភាគច្រើនបានយល់ហើយថា ដើម្បីទទួលបាននូវសុខភាពល្អជៀសផុតពីជំងឺផ្សេងៗអាចនឹងកើតមាននោះ ការយកចិត្តទុកដាក់ថែរក្សាសុខភាពរាងកាយឱ្យបានត្រឹមត្រូវ គឺជាអ្វីដែលពួកគេគួរតែធ្វើ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យើងតែងចាប់អារម្មណ៍និងពិនិត្យមើលផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែនៅតែមើលរំលងនូវបញ្ហាដែលកើតមានលើផ្នែកមួយចំនួនដូចជា តំបន់ក្លៀក ជាដើម ដោយគិតថាវាជារឿងធម្មតា ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរមិនអើពើនោះឡើយ ក៏ព្រោះអាការៈខុសប្រក្រតីដែលអាចកើតមានឡើងត្រង់តំបន់ក្លៀក គឺអាចជាសញ្ញាចង្អុលបង្ហាញឱ្យដឹងពីជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាខុសប្រក្រតីមួយចំនួនដែលអ្នកមិនគួរធ្វេសប្រហែសមើលរំលង នៅពេលដែលវាកើតឡើងនៅតំបន់ក្លៀក ៖

១. ក្លិន

ប្រសិនបើទោះជាបាន ងូតទឹក ឫប្រើប្រាស់ផលិតផលបំបាត់ក្លិនអាក្រក់ហើយ ប៉ុន្តែក្លៀកនៅតែមានក្លិនមិនល្អខ្លាំងជាប់ នោះវាអាចជារោគសញ្ញាដំបូងនៃបញ្ហាសុខភាព។ ក្លិនអាក្រក់ដែលមិនអាចបាត់ទៅវិញ បើទោះជា ក្រោយងូតទឹករួចអាចជារោគសញ្ញាមួយ នៃជំងឺអរម៉ូន និងបញ្ហានៃការខូចមុខងារនៃក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើក្លៀកមានក្លិនដូចផ្លែឈើរលួយ ឫថ្នាំលាបក្រចក នោះវាអាចជារោគសញ្ញាមួយនៃជំងឺ ketoacidosis ដែលបណ្តាលឱ្យរាងកាយបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។

២. ការរមាស់

អាការៈរមាស់មិនឈប់ ដែលមានអមមកជាមួយនូវស្នាមអុចក្រហម រួមទាំងកោសិកាងាប់ៗ គឺអាចជារោគសញ្ញានៃជំងឺផ្សិតលើស្បែក។ ប្រសិនបើបញ្ហានេះកើតមានឡើងគួរប្រញាប់ទៅទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។

៣. ការឡើងរោលក្រហម

កម្តៅនិងភាពសើមនៅត្រង់តំបន់ក្លៀក បង្កើតបាននូវបរិយាកាសល្អឥតខ្ចោះសម្រាប់ការចម្លងនូវមេរោគផ្សិតផ្សេងៗ។ វាមិនអាចទៅរួចឡើយដែលអ្នកអាចដឹងថាខ្លួនឯងកំពុងជួបប្រទះនូវរោគឆ្លងអ្វី ប្រសិនបើមិនបានទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ដូច្នេះអ្នកគួរទៅជួបជាមួយគ្រូពេទ្យឱ្យបានឆាប់បំផុត ប្រសិនបើអ្នកស្រាប់តែជួបប្រទះនូវបញ្ហារមាស់ ឡើងកន្ទួលក្រហម ឫឡើងក្រហមផ្សេងៗ
លើស្បែក។ ទោះជាយ៉ាងណាពេលខ្លះប្រតិកម្មផ្សេងៗលើស្បែកក៏អាចបណ្តាលមកពីសម្លៀកបំពាក់ អាកាសធាតុ បញ្ហាអាលែហ្សីផងដែរ។

៤. ការឈឺចាប់

អ្នកត្រូវប្រញាប់ ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើការឈឺចាប់ស្រាប់តែកើតមានឡើងភ្លាមៗត្រង់តំបន់ក្លៀក ដោយគ្មានមូលហេតុ។ ក្នុងករណីត្រឹមតែការឈឺចាប់ធម្មតាដែលបណ្តាលមកពីការហាត់ប្រាណ ឬយួររបស់ធ្ងន់ៗពេកនោះ វានឹងបាត់ទោវិញលឿន។ ដូចនេះប្រសិនបើអ្នកមានអារម្មណ៍ថាឈឺចាប់នៅត្រង់ក្លៀកច្រើនថ្ងៃហើយនៅតែមិនបាត់សោះ  អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ក៏ព្រោះវាអាចជារោគសញ្ញានៃការដុះសាច់ក្នុងកូនកណ្តុរ ។ 

៥. ឡើងដុំពក

កូនកណ្តុរនៅត្រង់ក្លៀក គឺមើលមិនឃើញឡើយ។ ប៉ុន្តែប្រសិនបើសម្គាល់ឃើញមានការហើមដុំពកត្រង់ក្លៀក ដោយមិនបាត់បង់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍នោះអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុតក៏ព្រោះអាការៈ នៃការហើមកូនកណ្តុរគឺជារោគសញ្ញាមួយនៃរោគសញ្ញាមួយនៃការឆ្លងរោគផ្សេងៗ ហើយករណីខ្លះអាចជាជំងឺមហារីក។

៦. ការបែកញើសហួសប្រមាណ

ប្រសិនបើអ្នកបែកញើសច្រើនទាំងដែលមិនបានធ្វើសកម្មភាពរាងកាយខ្លាំងក្លាអ្វីទេ នោះអាការៈនេះអាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជាជំងឺ Hyperhidrosis (ជំងឺបែកញើសហួសប្រមាណ) ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ហ្គោដ (Gout)៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង