នៅពេលដែលរាងកាយអ្នកខ្វះសារធាតុចិញ្ចឹម វានឹងបង្ហាញមកក្រៅប្រាប់អ្នក ប៉ុន្តែទាល់តែអ្នកចេះសង្កេត ទើបអ្នកអាចដឹងថាតើវាខ្វះឬមិនខ្វះ។ ដូចនេះតើវាមានអ្វីខ្លះទៅ?

ប្រេះអណ្តាត អណ្តាតហើម
នៅពេលដែលអ្នកបរិភោគអាហារបួសយូរ អ្នកនឹងងាយខ្វះវីតាមីនBខ្លាំងណាស់ នោះវានឹងបញ្ចេញមកក្រៅតាមរយៈអណ្តាតប្រាប់អ្នក ដូចនេះអ្នកគួរតែបរិភោគអាហារដែលមានវីតាមីនBឱ្យបានច្រើន។

ចុងមាត់ប្រេះស្ងួត
នៅពេលដែលអ្នកខ្វះវិតាមីនB1 ចុងនៃបបូរមាត់អ្នកនឹងប្រេះហើយស្ងួត ដូចនេះអ្នកអាចបរិភោគថ្លើមសត្វ ពងមាន់ផ្នែកលឿង និងទឹកដោះគោជាដើម ព្រោះវាមានផ្ទុកវីតាមីននោះជាច្រើន។

ធ្មេញចេញឈាម
នៅពេលដែលធ្មេញរបស់អ្នកមានអាការៈចេញឈាម នោះប្រហែលជាអ្នកខ្វះវីតាមីនC ដូចនេះអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន អ្នកអាចពិសារបន្លែមួយថ្ងៃមួយគីឡូក្រាម រីឯផ្លែឈើ២ទៅ៣គ្រាប់បាន នោះវានឹងធ្វើឱ្យរាងកាយអ្នកមានវីតាមីនCគ្រប់គ្រាន់។

ចង្ខុវិញ្ញាណចុះខ្សោយនៅពេលយប់
នៅពេលដែលអ្នកមើលមិនច្បាស់នៅពេលយប់ មានន័យថាអ្នកប្រហែលជាខ្វះវីតាមីនA ដូចនេះអ្នកគួរតែពិសារការ៉ុត និងថ្លើមជ្រូកឱ្យបានច្រើន បើពុំដូច្នោះទេ យូរទៅវានឹងធ្វើឱ្យភ្នែកអ្នកស្ងួតបាន ហើយកាន់តែមើលមិនច្បាស់។

សម្ពាធឈាមឡើងខ្ពស់
នៅពេលដែលអ្នកខ្វះប៉ូតាស្យូម នោះវាងាយធ្វើឱ្យសម្ពាធឈាមអ្នកឡើងខ្ពស់បាន ដូចនេះអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើច្រើន ហើយមិនត្រូវពិសារអំបិលច្រើននោះទេ ជាងនេះទៅទៀត អ្នកគួរតែបរិភោគដំឡូងបារាំង ទឹកប៉េងប៉ោះ ចេក ពពួកត្រី និងផលិតផលដែលធ្វើពីទឹកដោះគោឱ្យបានច្រើន ព្រោះវាមានប៉ូតាស្យូមច្រើននៅក្នុងនោះ៕