ជាញឹកញយ បញ្ហាក្រូួសក្នុងតម្រងនោមអាចបង្កការឈឺចាប់ខ្លាំងនៅពេលវាប្រែជាមានទំហំធំ។ ទោះជាយ៉ាងណា បញ្ហានេះមិនពិបាកនឹងទប់ស្កាត់ឡើយ ប្រសិនបើអ្នកមានការតាំងចិត្ត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិតណាស់ការទទួលទានទឹកច្រើនអាចជួយកម្ចាត់គ្រួសចេញពីតម្រងនោមបាន ប៉ុន្តែក៏នៅមានវិធីងាយៗផ្សេងទៀតដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ថាតើវិធីទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញនូវគន្លឹះមួយចំនួនដែលអ្នកគួរអនុវត្តដើម្បីទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម ៖
១. ទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់
ជាធម្មតាយើងត្រូវបានណែនាំឲ្យទទួលទានទឹកពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ ដើម្បីទប់ស្កាត់ហានិភ័យនៃបញ្ហាក្រួសក្នុងតម្រងនោម ប៉ុន្តែនៅពេលអ្នកចង់កម្ចាត់ក្រួសចេញពីតម្រងនោមនោះ ចូរទទួលទានអោយបានដល់ ១២ កែវទើបប្រសើរ។ បើទោះជាក្រួសត្រូវបានកម្ចាត់ចេញហើយក៏ដោយ ក៏អ្នកគួរបន្តការទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្វះ ឬខ្សោះជាតិទឹកក្នុងរាងកាយ និង
ទប់ស្កាត់សារធាតុក្នុងទឹកនោមដែលអាចបង្កជាក្រួស។ ហើយវិធីងាយបំផុតដើម្បីអាចដឹងថាតើរាងកាយខ្វះជាតិទឹក ឬក៏អត់នោះ គឺការពិនិត្យមើលលើពណ៌នៃទឹកនោម។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ ឬដិតខ្លាំង នោះបានន័យថា រាងកាយត្រូវការជាតិទឹកបន្ថែម។ ប្រសិនបើទឹកនោមមានពណ៌លឿងស្រាលនោះមានន័យថា រាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់។
២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Oxalate ក្នុងកម្រិតមធ្យម
Oxalate ជាសារធាតុដែលមានសមត្ថភាពរលាយចូល ឬភ្ជាប់គ្នាខ្លាំង។ ក្រួសក្នុងតម្រងនោមភាគច្រើនមានផ្ទុកសារធាតុកាល់ស្យូម Oxalate។ ការកាត់បន្ថយការទទួលទានអាហារមានផ្ទុកសារធាតុ Oxalate រួមមាន សូកូឡា, មើមឆៃថាវ, មើមត្រាវ, កាហ្វេ, គ្រាប់ធញ្ញជាតិ និងផលិតផលសណ្តែកជាដើម គឺជាវិធីដ៏ងាយបំផុតមួយដើម្បីជៀសផុតពីបញ្ហានៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកមិនចាំបាច់ត្រូវឈប់ទទួលទានអាហារមានផ្ទុកសារធាតុ Oxalate ទាំងស្រុងតែម្ដងឡើយ គ្រាន់តែទទួលទានវាក្នុងកម្រិតមធ្យម។
៣. កាត់បន្ថយការទទួលទានប្រូតេអ៊ីនចេញពីសត្វ
ប្រូតេអ៊ីនដែលអ្នកបានមកពីសាច់សត្វ, ស៊ុត, សាច់ក្រហម និងអាហារសមុទ្រអាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាពតម្រងនោម។ វាបង្កើនបរិមាណនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាម និងកម្រិតនៃជាតិកាល់ស្យូម oxalate ក្នុងទឹកនោម។ អ្នកជំនាញជាច្រើនបានអោយដឹងថា អ្នកមិនគួរទទួលទានប្រូតេអ៊ីនចេញពីសត្វច្រើនពេកឡើយ ដោយដើម្បីជាការប្រសើរល្អគួរបន្ថែមប្រូតេអ៊ីនដែលចេញពីបន្លែជំនួសវិញ។
៤. ទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់
ការទទួលទានជាតិកាល់ស្យូមតិចពេកក្នុងរបបអាហារអាចបង្កើនកម្រិតនៃសារធាតុ oxalate ដែលនឹងបង្កក្រួសក្នុងតម្រងនោម។ ដើម្បីទប់ស្កាត់បញ្ហានេះត្រូវប្រាកដថា រាងកាយទទួលបានជាតិកាល់
ស្យូមគ្រប់គ្រាន់។
៥. កាត់បន្ថយការទទួលទានជាតិសូដ្យូម
របបអាហារមានជាតិសូដ្យូមខ្ពស់ជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាក្រួសក្នុងតម្រងនោម។ នោះក៏ព្រោះតែនៅពេលអ្នកទទួលទានអាហារមានជាតិសូដ្យូមខ្ពស់នោះរាងកាយនឹងព្យាយាមបញ្ចេញជាតិសូដ្យូមតាមរយៈទឹកនោមដោយនាំយកទាំងជាតិកាល់ស្យូមទៅជាមួយដែរ។ ហើយកង្វះនៃជាតិកាល់ស្យូមអាចបង្កើនកម្រិតនៃសារធាតុ xalate ដែលនឹងបង្កក្រួសក្នុងតម្រងនោម។ ដូច្នេះដើម្បី
ជៀសផុតពីហានិភ័យនៃជំងឺក្រួសក្នុងតម្រង ចូរកម្រិតនូវការទទួលទានជាតិសូដ្យូមរបស់អ្នក ដោយមិនគួរលើសពី ២៣០០មីលីក្រាមក្នុងមួយថ្ងៃឡើយ។ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិកើតជំងឺក្រួសក្នុងតម្រង
នោម អ្នកអាចកាត់បន្ថយការទទួលទានជាតិសូដ្យូមប្រចាំថ្ងៃប្រមាណ ១៥០០ មីលីក្រាម។ ការកាត់បន្ថយជាតិសូដ្យូមក៏ល្អសម្រាប់សុខភាពបេះដូង និងសម្ពាធឈាមផងដែរ៕