គ្មានអ្វីគួរអោយរំខាន និងផ្ដល់អារម្មណ៍មិនស្រួលដូចអាការៈឈឺបំពង់កឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! យើងអាចព្យាបាលអាការៈឈឺបំពង់កបានយ៉ាងឆាប់រហ័ស ដោយមិនបាច់ទាំងប្រើប្រាស់ថ្នាំពេទ្យ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលអាការៈឈឺបំពង់កប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ខ្ពុរមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង រួចកូរអោយសព្វជាមុនសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ អ្នកអាចអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ប្រសិនបើបំពង់កនៅឈឺ។
២. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលេប ឬទទួលទានទឹកឃ្មុំ ១ ស្លាបព្រាពេញជាការស្រេច។ វិធីនេះមានប្រសិទ្ធិភាពខ្ពស់បំផុត ជាពិសេសចំពោះកុមារ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនៃទឹកឃ្មុំ អ្នកអាចលាយវាជាមួយតែក្ដៅឧណ្ហៗ ឬទឹកក្ដៅឧណ្ហៗក៏បាន។
៣. ជញ្ជក់ខ្ទឹមស
បកសំបកខ្ទឹមសស្រស់មួយកំពឹស រួចកាត់វាជាពីរកំណាត់ ហើយចាប់ផ្ដើមជញ្ជក់ជាការស្រេច។
៤. ទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំ
លាយទឹកឃ្មុំ ១ ស្លាបព្រាពេញ និងទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហ ១ កែវ កូរអោយសព្វ សឹមទទួលទានអោយបានញឹកញាប់រហូតដល់អាការៈធូរស្បើយ។
៥. ខ្ពុរមាត់ជាមួយទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម កន្លះពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ កូររហូតដល់អំបិលរលាយ សឹមបន្ថែមទឹកក្ដៅឧណ្ហៗ ១ ពែងចូល។ កូរអោយសព្វម្ដងទៀត សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ ១៥ នាទី ម្ដង។
ទោះជាយ៉ាងណា អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ ប្រសិនបើការឈឺបំពង់កមានអមមកជាមួយនូវអាការៈក្ដៅខ្លួនខ្លាំង, ឡើងរោលកន្ទួលក្រហមលើមាត់, មិនធូរស្បើយក្នុងរយៈពេលយូរជាងពី ២ ទៅ ៣ ថ្ងៃ រួមទាំងអាការៈខុសប្រក្រតីគួរអោយព្រួយបារម្ភមួយចំនួនផ្សេងទៀត៕