មានមនុស្សជាច្រើនតែងតែខ្លាចថា ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកខ្មៅ ខូចស្បែក និងកើតមហារីកស្បែកថែមទៀតផង។ ប៉ុន្តែវាមិនមែនជារឿងល្អឡើយក្នុងការដែលអ្នកត្រូវចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យទាំងស្រុង ព្រោះវាគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន D។
វីតាមីន D មានតួនាទីសំខាន់ៗច្រើនណាស់ក្នុងរាងកាយរបស់មនុស្សយើង។ ដំបូងឡើយគឺវាសំខាន់ក្នុងការបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។ ដោយសារតែជីវជាតិមួយនេះហើយទើបរាងកាយអាចបឺតស្រូបជាកាលស្យូមពីអាហារដើម្បីពង្រឹងដល់គុណភាពឆ្អឹងក្នុងខ្លួន។ ទីពីរ វីតាមីន D ជួយឲ្យមានអារម្មណ៍ល្អ ហើយវាក៏ជួយទប់ស្កាត់ការបាក់ទឹកចិត្ត និងថប់អារម្មណ៍បែបធម្មជាតិដែរ។
អ្នកជំនាញនិយាយថា ការដែលរាងកាយមិនទទួលបានវីតាមីន D គ្រប់គ្រាន់ នឹងធ្វើឲ្យមានអារម្មណ៍អស់កម្លាំងដោយសារតែខ្សោយសាច់ដុំ។ ក្រៅពីនេះការសិក្សាជាច្រើនបានរកឃើញថា វីតាមីន D អាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកបានច្រើនប្រភេទដែរ។
បើសិនជាអ្នកចង់ទទួលបានវីតាមីន D គ្រប់គ្រាន់ពីរបបអាហារ អ្នកគួរតែញ៉ាំផ្សិត ត្រីសាលម៉ុង ថ្លើមសត្វ ឬស៊ុតឲ្យបានច្រើន។ ប៉ុន្តែការទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យគឺជារឿងងាយស្រួលជាង ដូច្នេះគួរធ្វើដូចម្តេចទើបល្អក្នុងការទទួលបានពីពន្លឺព្រះអាទិត្យ៖
កុំចេញពីផ្ទះអីនៅចន្លោះម៉ោង ១០ព្រឹកទៅ ៤រសៀល
អ្នកជំនាញនិយាយថា វាគឺជារឿងល្អមួយដែលអ្នកអាចទទួលបានវីតាមីន D ច្រើនពីពន្លឺព្រះអាទិត្យមុនម៉ោង ១០ព្រឹក និងក្រោយម៉ោង ៤រសៀល។ ប៉ុន្តែនៅចន្លោះម៉ោងនេះ វាគឺជាពេលវេលាដែលមានពន្លឺក្តៅខ្លាំង ដូច្នេះកុំប៉ះពាល់អី។
ប៉ះពាល់នឹងលើរាងកាយច្រើន
ខណៈពេលដែលកំពុងចំណាយពេលនៅក្រៅផ្ទះ ចូរប្រាកដថា ឲ្យពន្លឺព្រះអាទិត្យអាចប៉ះពាល់ស្បែកច្រើនកន្លែងផង។ កាលណាស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យកាន់តែច្រើន អ្នកនឹងទទួលបានវីតាមីន D កាន់តែច្រើន។
ប៉ះពី ១០ ទៅ ៣០នាទីក្នុងមួយដង
អ្នកអាចធ្វើបែបនេះបីដងក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងការប៉ះម្តងៗគួរតែធ្វើពី ១០ ទៅ ៣០នាទីបានហើយ ជាមួយគ្នានឹងវិធីរួមផ្សំទាំងពីរខាងលើផង។ យកល្អគួរតែចំណាយពេលហាត់ប្រាណជាមួយគ្នាផងដូចជាការដើរលឿនៗ រត់យឺតៗ ជិះកង់ ឬថែសួន។
គិតដល់ពណ៌ស្បែកផង
បើសិនជាអ្នកមានស្បែកខ្មៅស្រាប់ អ្នកប្រហែលជាត្រូវចំណាយពេលច្រើនជាង ១០ ទៅ ៣០នាទីទៅទៀតក្នុងការហាល់ថ្ងៃដើម្បីប្រាកដថាអ្នកទទួលបានវីតាមីន D គ្រប់គ្រាន់។
ពាក់មួក និងវ៉ែនតាការពារកម្តៅថ្ងៃ
មនុស្សគ្រប់គ្នាដឹងថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេកអាចធ្វើឲ្យចេញជាសញ្ញានៃការឆាប់ចាស់បាន។ បើសិនជាអ្នកមិនចង់ឲ្យមានស្នាមជ្រីវជ្រួញទេ យកល្អគួរតែពាក់មួកបន្ថែម ជាមយយគ្នានឹងវ៉ែនតាការពារកម្តៅថ្ងៃដែលធំៗបន្តិចផង៕