យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការលាងសម្អាតដៃញឹកញាប់ ការគេងគ្រប់គ្រាន់ ការញ៉ាំអាហារមានតុល្យភាព និងហាត់ប្រាណទៀងទាត់ សុទ្ធតែអាចពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង ហើយក៏មិនងាយនឹងមានជំងឺដែរ។ ប៉ុន្តែមានរឿងផ្សេងៗជាច្រើនទៀតក្នុងជីវិតយើងដែលអាចធ្វើឲ្យប្រព័ន្ធការពារខ្លួននេះចុះខ្សោយ រហូតដល់បង្កជាជំងឺបានបាន។ តាមរយៈការចៀសវាងរឿងទាំងនេះ អ្នកអាចនឹងបន្ថយការប្រឈមមុខនឹងជំងឺបានហើយ។ 

ខាងក្រោមនេះគឺជាមូលហេតុដែលគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំមនុស្សយើងចុះខ្សោយ៖

មានអារម្មណ៍ឯកាជាប់រហូត

មនុស្សគ្រប់គ្នាដឹងហើយថា ការដែលរស់នៅឯកាអាចធ្វើឲ្យអ្នកមើលទៅឆាប់ចាស់ជាងវ័យ។ ប៉ុន្តែតើអ្នកមានដឹងទេថា វាក៏ជាហេតុផលធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺដែរ? អ្នកជំនាញនិយាយថា ការដែលមានអារម្មណ៍ឯកានឹងបង្កើនសម្ពាធអុកស៊ីតកម្មក្នុងកោសិកា ដែលធ្វើឲ្យរាងកាយងាយនឹងចុះខ្សោយ។ 

ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក

គ្រូពេទ្យនិយាយថា ការដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេកអាចធ្វើឲ្យអ្នកឧស្សាហ៍ឈឺបាន។ នេះដោយសារតែការប៉ះពាល់នឹងកាំរស្មីយូវីពីព្រះអាទិត្យច្រើនពេកបង្កជាសម្ពាធអុកស៊ីតកម្មក្នុងរាងកាយកាន់តែច្រើន ដែលជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបាន។ ក្រៅពីប្រព័ន្ធភាពស៊ាំចុះខ្សោយ ស្បែកក៏ឆាប់ចាស់ ហើយងាយនឹងកើតមហារីកស្បែកទៀត។ 

ញ៉ាំគ្រឿងស្រវឹងច្រើនៗ

យើងទាំងអស់គ្នាដឹងថា ការញ៉ាំគ្រឿងស្រវឹងច្រើនអាចនាំឲ្យស្រវឹងដល់ថ្ងៃបន្ទាប់ទៀត ប៉ុន្តែវាក៏រំខានដល់ប្រព័ន្ធភាពស៊ាំផងដែរ។ អ្នកវិទ្យាសាស្រ្តនិយាយថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗធ្វើឲ្យប្រព័ន្ធភាពស៊ាំពិបាកនឹងយកឈ្នះការឈ្លានពានរបស់មេរោគដូចជា បាក់តេរី និងវីរុសណាស់។ ប៉ុន្តែអ្នកអាចញ៉ាំក្នុងកម្រិតមធ្យមបាន ដោយបុរសអាចញ៉ាំបាន ២កែវក្នុងមួយថ្ងៃ ខណៈពេលដែលស្រ្តីអាចបាន ១កែវក្នុងមួយថ្ងៃ។ 

ហាត់ប្រាណខ្លាំងពេក

វាមិនមែនជារឿងអាថ៌កំបាំងទៀតទេដែលថា ការហាត់ប្រាណទៀងទាត់នឹងជួយឲ្យមានសុខភាពល្អ ហើយបន្ថយការប្រឈមនឹងជំងឺ ដោយសារប្រព័ន្ធភាពស៊ាំខ្លាំង។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវហាត់ប្រាណខ្លាំងរហូតដល់ក្លាយជាមនុស្សអស្ចារ្យឡើយ ព្រោះការហាត់ប្រាណច្រើនពេកលើសកម្រិតអាចផ្តល់ផលអាក្រក់ទៅវិញទេ។ ដូច្នេះចូរប្រាកដថា អ្នកហាត់ប្រាណក្នុងកម្រិតតិចតួចទៅមធ្យមបានហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង