វាគឺជារឿងដែលកើតមានជាញឹកញាប់មួយសម្រាប់ស្រ្តីមានផ្ទៃពោះ កើតជំងឺឬសដូងបាតបន្ថែម។ ប៉ុន្តែដោយសារតែអ្នកស្ថិតក្នុងផ្លូវមួយដើម្បីបង្កើតគ្រួសារដ៏តូចមួយសម្រាប់ខ្លួនឯង ដូច្នេះវាមិនមែនមានន័យថាអ្នកត្រូវមានការអៀនខ្មាសចំពោះការស្វែងរកដំណោះស្រាយមួយនេះឡើយ។
ប៉ុន្តែមុនពេលខ្ញុំចាប់ផ្តើមបង្ហាញអំពីវិធីបង្ការជំងឺឬសដូងបាត យកល្អគួរតែស្វែងយល់បន្ថែមថា ហេតុអ្វីបានជាស្រ្តីមានផ្ទៃពោះប្រឈមខ្ពស់នឹងជំងឺឬសដូងបាតជាងអ្នកដទៃ៖
- ការលូតលាស់របស់កូនក្នុងផ្ទៃនឹងបង្កើនសម្ពាធក្នុងពាក់កណ្តាលខ្លួនខាងក្រោម ព្រមទាំងសង្កត់ទៅលើសរសៃឈាមរន្ធគូថរហូតដល់ទៅជាហើម។
- ស្រ្តីមានផ្ទៃពោះមានការកើនឡើអ័រម៉ូនប្រូជេស្តេរ៉ូនក្នុងរាងកាយ ហើយវាក៏ជារឿងដែលធ្វើឲ្យសរសៃឈាមបាត់បង់កម្លាំងរបស់វាដែរ។
- បញ្ហាមួយចំបងជាគេដែលកើតឡើងចំពោះស្រ្តីមានផ្ទៃពោះគឺការទល់លាមកតែម្តង ដែលវាអាចធ្វើឲ្យអ្នកត្រូវការអង្គុយប្រឹងបន្ទោបង់យូរៗ ហើយវាក៏ជាកត្តាប្រឈមនឹងជំងឺឬសដូងបាតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកពិតជាមិនចង់ឲ្យកើតជំងឺឬសដូងបាតខណៈពេលកំពុងតែរងចាំការសម្រាលរបស់កូនឡើយ។ ដូច្នេះខាងក្រោមនេះគឺជាវិធីបង្ការមួយចំនួនដែលអ្នកអាចធ្វើបានក្នុងពេលមានផ្ទៃពោះ៖
បង្កើនការញ៉ាំអាហារសរសៃ
ដូចខ្ញុំបានបញ្ជាក់ពីខាងលើរួចហើយថា ការទល់លាមកគឺជារឿងដែលកើតមានក្នុងពេលមានផ្ទៃពោះ ហើយក៏ជាកត្តាប្រឈមខ្ពស់មួយនៃជំងឺឬសដូងបាតដែរ។ វិធីធម្មជាតិដ៏ល្អបំផុតក្នុងការការពារកុំឲ្យទល់លាមកគឺញ៉ាំអាហារសម្បូរជាតិសរសៃ។ បន្លែ និងផ្លែឈើគឺជាប្រភពដ៏ល្អបំផុត។
ញ៉ាំទឹកឲ្យបានច្រើន
ចូរប្រាកដថា អ្នកបានញ៉ាំទឹកប្រហែល ៨កែវក្នុងមួយថ្ងៃ ដែលវាស្មើនឹងទឹកពីរលីត្រ។ ការញ៉ាំទឹកច្រើនអាចជួយឲ្យប្រាកដថា អ្នកមិនងាយមានការទល់លាមកក្នុងពេលមានផ្ទៃពោះឡើយ។
មិនត្រូវពន្យាពេលចូលបន្ទប់ទឹកឡើយ
គ្រប់ពេលដែលអ្នកត្រូវការចូលបន្ទប់ទឹកបន្ទាន់ ចូរប្រើប្រាស់វាភ្លាមទៅ។ ការដែលពន្យាពេលតម្រូវការមួយនេះ នឹងធ្វើឲ្យទល់លាមកប៉ុណ្ណោះ ហើយក៏បង្កើនការប្រឈមនឹងជំងឺឬសដូងបាតដែរ។
ហាត់ប្រាណបែប Kegel
សម្រាប់សកម្មភាពប្រចាំថ្ងៃ វាគឺជារឿងអស្ចារ្យមួយសម្រាប់អ្នកក្នុងការហាត់ប្រាណបែប Kegel។ ការហាត់ប្រាណបែបនេះទៀងទាត់គឺជារឿងល្អបំផុតសម្រាប់ជម្រុញដល់របត់ឈាមរត់ និងពង្រឹងដល់សាច់ដុំក្នុងតំបន់រន្ធគូថ។
រស់នៅឲ្យមានភាពសកម្ម
ក្នុងពេលមានផ្ទៃពោះ ស្រ្តីត្រូវបានគេណែនាំឲ្យមានភាពសកម្មខាងរាងកាយ ដើម្បីជួយបន្ថយការប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃការមានផ្ទៃពោះ។ ការដែលរស់នៅមានភាពសកម្មក្នុងពេលមានផ្ទៃពោះក៏ជាមធ្យោបាយដ៏ល្អបំផុតដើម្បីប្រាកដថា ផ្លូវរំលាយអាហារធ្វើការបានល្អបំផុត ហើយក៏មិនងាយកើតជំងឺឬសដូងបាតដែរ។
កុំអង្គុយ ឬឈរយូរៗពេក
ដោយសារតែការលូតលាស់របស់ទារកដាក់សម្ពាធទៅពាក់កណ្តាលខ្លួនខាងក្រោម យកល្អគួរតែកុំអង្គុយ ឬឈររយៈពេលយូរអីដើម្បីឲ្យបន្ថយកើតជំងឺឬសដូងបាត៕