ការឈឺចាប់ភ្លាមៗ វាអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ហើយអ្នកមិនចាំបាច់ត្រូវតែប្រើប្រាស់ថ្នាំពេទ្យ ឬថ្នាំបំបាត់ការឈឺចាប់ដើម្បីទប់ទល់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា វិធីងាយៗមួយចំនួនអាចបំបាត់ការឈឺចាប់បានប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់តែជីអង្កាមដើម្បីព្យាបាលអាការៈឈឺធ្មេញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីគួរអោយភ្ញាក់ផ្អើលដែលជួយបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ ៖
១. ទទួលទានសូកូឡាខ្មៅ ១ដុំ ដើម្បីបំបាត់អាការៈឈឺបំពង់ក
ប្រសិនបើអ្នកក្អក និងមានអារម្មណ៍ឈឺបំពង់ក ចូរទទួលទានសូកូឡាខ្មៅ ១ ដុំ។ ប៉ុន្តែត្រូវប្រាកដថា សូកូឡាខ្មៅដែលអ្នកទទួលទាននោះផ្សំឡើងពីជាតិកាកាវមិនតិចជាង ៧០ ភាគរយ។ នោះក៏ព្រោះតែជាតិកាកាវមានប្រសិទ្ធិភាពបំបាត់ការក្អក និងព្យាបាលអាការៈឈឺបំពង់កបានល្អជាងថ្នាំទៅទៀត។
២. ទទួលទានទឹកអោយកាន់តែច្រើន ដើម្បីបំបាត់អាការៈឈឺក្បាលប្រកាំង
ជាញឹកញយ ការឈឺក្បាលកម្រិតស្រាល និងឈឺក្បាលប្រកាំង គឺអាចបណ្ដាលមកពីបញ្ហាខ្សោះជាតិទឹក។ ដូច្នេះចូរព្យាយាមទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន។ អ្នកជំនាញជាច្រើនបានណែនាំអោយទទួលទានទឹកមិនតិចជាង ១ កែវនៅរៀងរាល់ ២ ម៉ោងម្ដង។
៣. ទទួលទានរមៀត ដើម្បីបំបាត់ការឈឺចាប់ដោយសារការរលាក
ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងអាការៈឈឺចាប់ ដោយសារតែការរលាកក្នុងរាងកាយ ចូរបន្ថែមរមៀតមួយចំនួនក្នុងអាហារ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរអោយកត់សម្គាល់។
៤. ប្រើប្រាស់តែជីអង្កាម ដើម្បីបំបាត់អាការៈឈឺធ្មេញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមក្រៀម ឬស្ងួត ១ ស្លាបព្រាកាហ្វេ រហូតដល់ពុះ រួចទុក
ចោលសម្រាប់រយៈពេល ២០ នាទី។ នៅពេលតែចុះត្រជាក់ ចូរខ្ពុរមាត់របស់អ្នកជាមួយទឹកតែនេះ។ អ្នកក៏អាចដាក់ស្អំកញ្ចប់តែជីអង្កាមក្ដៅឧណ្ហៗលើធ្មេញដែលឈឺសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ឬរហូតការឈឺចាប់ត្រូវបានថយចុះ។ ជីអង្កាមមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលបំបាត់ការឈឺធ្មេញបានយ៉ាងប្រសើរ។
៥. ទទួលទានចេក ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ
នោះក៏ព្រោះតែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវគួរអោយកត់សម្គាល់។
៦. ស្អំកម្ដៅ ដើម្បីបំបាត់អាការៈឈឺរមួលសាច់ដុំ
ដើម្បីបំបាត់អាការៈរមួលសាច់ដុំ ឬរមួលក្រពើ អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំពីលើ។ ទោះជាយ៉ាងមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយជៀសវាងការរលាក។ ហើយដើម្បីជាការប្រសើរ អ្នកគួរប្រើប្រាស់កន្សែងរុំមួយជាន់សិន សឹមដាក់ស្អំត្រង់កន្លែងឈឺចាប់៕