វីរុសគឺជាមេរោគដែលអាចឆ្លងបាន និងមានរូបរាងតូចខ្លាំង។ វាអាចចាត់ទុកថាជាប៉ារ៉ាសិតដែរដោយសារតែវាត្រូវការកោសិកាមនុស្សយើងដើម្បីរស់និងបង្កើតកូនចៅ។ វីរុសខ្លះអាចធ្វើបង្កឬនាំឲ្យកើតជាមហារីកបាន ដែលគេហៅថា Oncogenic Viruses។ វាមិនដូចគ្នានឹងវីរុសផ្សេងៗដូចជា វីរុសផ្តាសាយ ដែលធ្វើឲ្យមានការបង្ករោគស្រួចស្រាវ តែវីរុសប្រភេទ Oncogenic នេះច្រើនតែបង្កជាការបង្ករោគរយៈពេលវែង និងជាប់រហូត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវីរុស ៨ប្រភេទ ដែលមានសមត្ថភាពធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីក៖
Epstein-Barr Virus (EBV)
វាជាប្រភេទមួយរបស់វីរុសប៉េស ដែលច្រើនតែរាលដាលតាមរយៈទឹកមាត់។ វាអាចឆ្លងតាមរយៈការក្អក កណ្តាស និងការធ្វើទំនាក់ទំនងស្និទ្ធស្នាលដូចជា ការថើប ឬប្រើប្រាស់របស់ផ្ទាល់ខ្លួនរួមគ្នា។ វីរុសនេះក៏អាចរាលដាលតាមរយៈឈាម និងទឹកកាមដែរ។ វីរុសនេះភាគច្រើនកើតឡើងតាំងពីកុមារភាព តែមិនមានរោគសញ្ញាអ្វីឡើយ។ យ៉ាងណាមិញការបង្ករោគដោយវីរុសនេះអាចបង្កជាមហារីកកម្រជាច្រើនដូចជា៖
- Burkitt’s Lymphoma
- មហារីកច្រមុះបំពង់ករ
- Hodgkin’s Lymphoma
- មហារីកក្រពះ
វីរុស Hepatitis B Virus (HBV)
វាគឺជារីរុសបង្កការរលាកថ្លើមប្រភេទ B។ អ្នកជំងឺភាគច្រើនជាឡើងវិញក្រោយពីមានការបង្ករោគស្រួចស្រាវរួច។ ប៉ុន្តែអ្នកជំងឺខ្លះវិវត្តន៍ទៅជារ៉ាំរ៉ៃដែរ។ វីរុសនេះឆ្លងតាមរយៈទឹកសរីរៈដូចជា ឈាម ទឹកកាម និងទឹករំអិលពីទ្វារមាស។ កាលណាវីរុសនេះវវត្តន៍ទៅជារ៉ាំរ៉ៃ វានឹងធ្វើឲ្យប្រឈមខ្ពស់នឹងមហារីកថ្លើម។
វីរុស Hepatitis C Virus (HCV)
វាជាវីរុសបង្កការរលាកថ្លើមប្រភេទ C។ ជំងឺនេះមិនសូវបង្កអាការៈច្រើនដូចជំងឺរលាកថ្លើមប្រភេទ B ឡើយ។ ប៉ុន្តែវាទំនងជាងាយធ្វើឲ្យទៅជារ៉ាំរ៉ៃច្រើនបំផុត។ បន្ទាប់មកអ្នកនឹងប្រឈមខ្ពស់នឹងមហារីកថ្លើមដែរ។ ជំងឺនេះឆ្លងតាមរយៈការួមភេទ និងឈាម។
វីរុសជំងឺអេដស៍ Human Immunodeficiency Virus (HIV)
វីរុសជំងឺអេដស៍នេះ មិនបាច់និយាយច្រើនក៏គេដឹងដែរ។ វាគឺជាវីរុសដែលបង្ករោគទៅលើកោសិកាប្រព័ន្ធភាពស៊ាំតែម្តង ដែលជាហេតុនាំឲ្យអ្នកមានជំងឺនេះ មានប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង។ វីរុសអេដស៍ឆ្លងតាមរយៈទឹកសរីរៈដូចជា ឈាម ទឹកកាម និងទឹករំអិលពីទ្វារមាស។ ប្រព័ន្ធភាពស៊ាំមនុស្សយើងមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងការបង្ករោគ និងសម្លាប់កោសិកាមហារីក។ ដូច្នេះបើវាចុះខ្សោយហើយ អ្នកក៏ងាយនឹងកើតជំងឺមហារីកដែរដូចជា Kaposi Sarcoma, Non-Hodgkin Lymphoma, និងមហារីកមាត់ស្បូនជាដើម។
វីរុស Human Herpes Virus 8 (HHV-8)
ការបង្ករោគដោយវីរុស HHV8 គឺជាករណីដែលកម្រ។ វីរុសនេះភាគច្រើនឆ្លងតាមរយៈទឹកមាត់ ថ្វីបើវាក៏អាចឆ្លងតាមរយៈការរួមភេទ ផ្សាំសរីរាង្គ និងបញ្ចូលឈាមដែរក៏ដោយ។ វាគឺជាវីរុសដែលបង្កជំងឺមហារីកដ៏កម្រមួយឈ្មោះថា Kaposi Sarcoma។ នេះជាមហារីកដែលប៉ះពាល់ទៅលើកម្រាលរបស់សរសៃឈាម និងសរសៃទឹករងៃ។
វីរុស Human Papillomavirus (HPV)
វីរុស HPV មានច្រើនជាង ២០០ប្រភេទឯណោះ។ ប្រភេទខ្លះធ្វើឲ្យកើតឬសនៅលើស្បែក ខ្លះទៀតឬសនៅលើប្រដាប់ភេទ បំពង់ករ ឬរន្ធគូថ។ ប៉ុន្តែការបង្ករោគដោយ HPV ប្រហែលជាមិនបង្ករោគសញ្ញាឲ្យដឹងឡើយ។ ភាគច្រើនវីរុស HPV ឆ្លងតាមរយៈការប៉ះពាល់ស្បែកនិងស្បែកក្នុងពេលរួមភេទតាមទ្វារមាស រន្ធគូថ ឬមាត់។ ការរួមភេទដោយប្រើស្រោមអនាម័យក៏ប្រហែលជាមិនអាចបង្ការវាបានទាំងស្រុងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វីរុសនេះអាចបង្កជាមហារីកច្រើនប្រភេទដូចជា មហារីក មាត់ស្បូន ទ្វារមាស បបេរទ្វារមាស រន្ធគូថ បំពង់ករ។ ប្រភេទវីរុសដែលបង្កមហារីកច្រើនប្រភេទគឺ HPV 16 និង HPV 18។
វីរុស Human T-lymphotrophic Virus (HTLV)
វីរុសនេះដូចគ្នានឹងវីរុសអេដស៍ដែរ។ វាឆ្លងតាមរយៈឈាម។ ផ្លូវដែលអាចឆ្លងខ្លាំងបំផុតរបស់វីរុសនេះមានដូចជា៖
- សកម្មភាពផ្លូវភេទដែលមិនមានការការពារ
- ការសម្រាលកូន
- ការបំបៅដោះកូន
- ការចាក់ម្ជុររួមគ្នា
- ការចាក់បញ្ចូលឈាម
វីរុសនេះច្រើនតែបង្កជាមហារីកគ្រាប់ឈាមស។
វីរុស Merkel Cell Polyomavirus (MCV)
វាជាវីរុសថ្មីដែលគេទើបតែរកឃើញ។ មនុស្សភាគច្រើនឆ្លងវីរុសនេះក្នុងពេលជាកុមារភាព និងមិនមានរោគសញ្ញាអ្វីទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំពោះផ្លូវឆ្លងរបស់វីរុសនេះគេមិនទាន់ដឹងនៅឡើយទេ ថ្វីបើអ្នកជំនាញគិតថាវាជាការប៉ះពាល់ស្បែកនិងស្បែកក៏ដោយ។ វីរុសនេះអាចបង្កជាមហារីកមួយប្រភេទឈ្មោះថា Merkel Cell Carcinoma ដែលជាមហារីកស្បែកដ៏កម្រមួយប្រភេទ៕