យើងទាំងអស់គ្នាសុទ្ធតែអាចប្រឈមមុខនឹងបញ្ហាស្ទះសសៃឈាមដែលបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវ ដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះ។ បញ្ហានេះ គឺអាចបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ ក៏ព្រោះអ្នកអាចសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីសម្អាតសសៃឈាម ៖
១. សណ្ដែក
ជាប្រភពដ៏ប្រសើរនៃជាតិសសៃរលាយដែលជួយអោយសសៃឈាមកាន់តែមានភាពយឺត ហើយអាចកាត់បន្ថយសម្ពាធឈាម។ លើសពីនេះទៅទៀត សណ្ដែកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងផងដែរ។
២. ផ្លែបឺរ
ទោះបីជា ផ្លែបឺរ គឺមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។
៣. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ទទួលទានផ្លែទទឺម ១ ឬ ២ ជាប្រចាំ ឬទទួលទានទឹកផ្លែទទឺម ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
៤. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមិនត្រឹមតែល្អចំពោះសុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រឆាំងការរលាកដែលប្រសើរសម្រាប់បេះដូងផងដែរ។ ការទទួលទានត្រីប្រភេទនេះអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចជួយសម្អាតសសៃឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរអោយកត់សម្គាល់។
៥. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលទប់ស្កាត់ការកកស្ទះនៃសសៃឈាម។ ផ្កាខាត់ណាខៀវ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលបង្កហានិភ័យនៃបញ្ហាបេះដូងផ្សេងៗបានយ៉ាងប្រសើរផងដែរ។
៦. ដំឡូងបារាំង
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូម និងជាតិសសៃដែលមានប្រសិទ្ធិភាពសម្អាតសសៃឈាម ហើយលើកកម្ពស់សុខភាពបេះដូងបានយ៉ាងប្រសើរ៕