ពេល​​ព្រឹក គឺ​ជា​ពេល​វេលា​​ដ៏​មាន​ប្រយោជន៍​មួយ ដែល​អាច​ជុំ​រុញ​ទឹក​ចិត្ត​អ្នក​ ក្នុង​ការ​ធ្វើ​​កិច្ចការ​ផ្សេងៗ ឲ្យ​ទទួល​​បាន​ផល​ល្អ ហើយ​វា​​ក៏​ជា​ពេល​មួយ ដែល​អ្នក​ខ្លះជាប់​គាំង​​​ងើប​ពី​គ្រែ​មិន​ចង់​រួច​។ ៩ ចំណុច​​ខាង​ក្រោម​ទាំង​​នេះ​ គឺ​ជា​អ្វី​ដែល​ អ្នក​មិន​គូរ​ធ្វើ​នៅ​ពេល​ព្រឹក ព្រោះ​វា​នឹង​រំខាន​ដល់​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖

១. ដាក់​នាឡិកា​រោទ៍​ច្រើន​ដង

អ្នក​ទាំង​អស់​​គ្នា​ប្រហែល​ជា​មាន​មិត្តភ័ក្ដិ​ ឬ​​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង ដែល​​ចូល​ចិត្ត​ដាក់​ម៉ោង​រោទ៍​ឡើង​មួយ​ជួរ ដាក់​តាំង​ពី​ម៉ោង ៦:០០ ៦:៤០ ៦:៥០ ៧:០០…ប៉ុន្តែ​នៅ​តែ​ងើប​យឺត​ដដែល។ ប៉ុន្តែ​សម្រាប់​អ្នក​ជោគជ័យ​វិញ ​គេ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​សូម្បី​តែ​ពេល​គេង ហើយ​ងើបឡើង​​​តាំង​​តែ​ពីនាឡិកា​រោទ៍​លើក​ដំបូង​ម្ល៉េះ។

២. មើល​ទូរទស្សន៍ ឬ​ចុច​ទូរសព្ទ

មនុស្ស​ជោគជ័យមិន​ឲ្យ​ទូរទស្សន៍​ និង​ទូរស័ព្ទ​ មក​គ្រប​ដណ្តប់​​​លើ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ពួក​គេ​ជា​ដាច់​ខាត។ បើ​ទោះ​ជា​​មើល ក៏​​​មើល​តែ​ព៌តមាន ឬ​កម្មវិធី​កំសាន្ត​ណា​ខ្លី​បំផុត ហើយ​មាន​ប្រយោជន៍​ប៉ុណ្ណោះ។

៣. ប្រើ​ពេល​យូរ​​ ក្នុង​ការ​សម្រេច​ចិត្ត​លើ​រឿង​តូច​តាច

​​អ្នក​មិន​គួរ​ខ្ជះខ្ជាយ​ ពេល​វេលា​​​ គិត​ពី​ការ​ស្លៀក​ពាក់​ តុប​តែង​ខ្លួន ឬ​ក៏​​ត្រូវ​ញ៉ាំអី យូរ​ពេក​ទេ។ សាក​ក្រឡេក​ទៅ​មើល​លោក Steve Job ឬ​ក៏​ប្រធានាធិបតី​អាមេរិក Obama មាន​លុយ​រាប់​លាន​ដុល្លា ប៉ុន្តែគាត់​​ស្លៀក​ពាក់​សមញ្ញ​ដដែលៗ ដោយ​សារ​គាត់​រវល់​តែ​​ផ្តោត​សំខាន់​ លើ​រឿង​ធំ​ជាង​តូចតាច។

៤. គ្មាន​ផែន​ការ

​ពេល​មុន​​ចូល​គេង អ្នក​គួរ​តែ​​កត់​​​ចំណាំ​អ្វី ដែល​ត្រូវ​ធ្វើ​នៅ​ព្រឹក​ ទើប​​វា​ធ្វើ​ឲ្យ​អ្នក​​ងាយ​ស្រួល ហើយ​មិន​ស្មុគស្មាញ ថា​គូួ​ធ្វើ​អី​ទុក​អី ពេល​ដែល​ភ្ញាក់​ឡើង។

៥. មិន​ផ្លាស់​ប្តូរ​ឈុត​គេង​​​​​

នេះ​ជា​សញ្ញា​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​បើ​អ្នក​ស្លៀក​ឈុត​គេង​ពេញ​មួយ​ថ្ងៃ នោះ​រាង​កាយ​​ និង​ខួរ​ក្បាល​អ្នក មិន​អាច​ផ្តោត​ទៅ​លើ​កិច្ចការ​ផ្សេង​ឲ្យ​បាន​ល្អ ដូច​ដែល​អ្នក​ស្លៀក​ពាក់​​​ត្រឹម​ត្រូវ ចេញ​ទៅ​ខាង​ក្រៅ​នោះ​ទេ។

៦. មិន​ញ៉ាំអាហារ​ពេល​ព្រឹក

កុំ​ទុក​ឲ្យ​ពោះ​​នៅ​ទទេ ត្រូវ​ញ៉ាំ​អាហារ​ដែល​​ល្អ​ចំ​ពោះ​សុខភាព ដើម្បី​ឲ្យ​​ចិត្ត​ និង​រាងកាយ​មាន​កម្លាំង​ធ្វើការ​​ពេញ​មួយ​ថ្ងៃ។

៧. គិត​តែ​ពី​ការងារ​មួយ​មុខ

មនុស្ស​ជោគ​ជ័យ ដាក់​ចិត្ត​ដាក់​កាយ​១០០% នៅ​ពេល​ធ្វើ​ការងារ ប៉ុន្តែ​គេ​ក៏​ចេះ ទុក​ពេល​ឲ្យ​ខ្លួន​ឯង​បាន​សម្រាក ​​ហាត់​ប្រាណ និង​ញ៉ាំអាហារ​ជុំ​គ្រួសារ។

៨. ត្អូញត្អែរ​ពី​ការងារ

​មនុស្ស​ជោគ​ជ័យ មិន​គិត​អវិជ្ជមាន​​ធុញ​ទ្រាន់​ទៅ​លើ​​ការ​ងារ​ប្រចាំថ្ងៃ​ ហើយ​តែង​តែ​ជំរុញ​​​​លើក​​ទឹក​ចិត្ត ខ្លួន​ឯង​តាំង​ពី​ភ្ញាក់​ពី​គេង ដើម្បី​សម្រេច​​ការងារ​ផ្សេងៗ ដោយ​សប្បាយ​​រីករាយ។

៩. យប់​ឡើង​មិន​ឆាប់​ចូល​គេង

ធ្លាប់​ជួប​ទេ អ្នក​ខ្លះ​ចូល​ចិត្ត​ភ្ញាក់​ពីព្រលឹម ប៉ុន្តែ​អ្នក​ខ្លះ​វិញ ពេល​ព្រឹក​គឺ​ងើប​មិន​រួច​តែ​ម្តង ព្រោះ​ពួក​គេ​ជា​មនុស្ស​​ដែល​ចូល​ចិត្ត ធ្វើ​អ្វីៗ​តែ​​នៅ​ពេល​យប់ដូចជា​ មើល​រឿង​ភាគ​​ លេង​បណ្ដាញ​សង្គម​ជា​ដើម​ ដោយ​​មិន​ព្រម​ឆាប់​ចូល​គេង​។ យ៉ាង​ណា​មិញ​អ្នក​គួរ​ប្តូរ ទម្លាប់​ឲ្យ​ដូច​គេ​ដូច​​ឯង​ប្រសើរ​ជាង៕

ប្រភព៖ sabay.com.kh