នៅពេលដែលអ្នកមានផ្ទៃពោះ បើស្វាមីអ្នកមានស្រី អ្នកអាចប្រើវិធីខាងក្រោម ដើម្បីនិយាយជាមួយពួកគេបាន។ តើមានអ្វីខ្លះទៅ?
ដំបូងអ្នកគួរតែឲ្យស្វាមីអ្នកមកអង្គុយជិតអ្នក ដោយមិនគួរឲ្យគេទៅអង្គុយជិតជនទី៣នោះទេ ទើបអាចធ្វើឲ្យអ្នកមានអំណាច។ បន្ទាប់មក អ្នកអាចសួរស្វាមីអ្នកថា នារីម្នាក់នេះ ជានរណា ដោយមិនគួរប្រើពាក្យស្រីនោះទេ ទើបអ្នកអាចរក្សាកិត្តិយសជាអ្នកថ្លៃថ្នូរ។ នៅពេលដែលអ្នកសួរបែបនេះ ប្តីអ្នកនឹងមិនហ៊ានឆ្លើយថា ជាស្រីរបស់គេទេ ដោយគេអាចឆ្លើយថា ជាមិត្តភក្តិ។ បន្ទាប់មកទៀត អ្នកអាចនិយាយសរសើរពីស្វាមីអ្នក ដោយនិយាយថា ប្តីអ្នកធ្វើល្អជាមួយអ្នកបែបណា ដោយជូនអ្នកទៅពិនិត្យផ្ទៃពោះជានិច្ច ហើយអ្នកគួរតែសម្តែងអារម្មណ៍សុភមង្គលចេញមក។ ក្រោយពេលដែលអ្នកនិយាយចប់ អ្នកគួរតែសម្តែងពីការចាញ់កូនរបស់អ្នក ដោយធ្វើជាចង់ក្អួត ហើយប្រាប់ស្វាមីអ្នកថា កូនរបស់គេចង់ញ៉ាំផ្លែប៉ោម ដោយឲ្យគេទៅទិញឲ្យអ្នកឥឡូវ។ បើគេមិនព្រមទៅ អ្នកគួរតែបន្តសម្តែង ដោយផ្អែកលើស្មារបស់គេ រហូតដល់គេទៅ។ ប្រសិនជាគេទៅទិញ អ្នកគួរតែនិយាយថា លោកប្តី កូនរបស់បងចង់ញ៉ាំផ្លែប៉ោម ចំណែកប្រពន្ធរបស់បងចង់ញ៉ាំប៉េងប៉ោះ បងកុំភ្លេចទិញមក។ ក្រោយពេលដែលស្វាមីអ្នកទៅបាត់ អ្នកគួរតែប្រាប់ស្រីនោះថា ប្តីអ្នកទុកលុយឲ្យអ្នកគ្រប់គ្រងអស់ ដោយទុកតែបន្តិបន្តួចលើខ្លួនដើម្បីចាយទេ។ ក្រោយពេលដែលស្វាមីអ្នកត្រឡប់មកវិញ អ្នកគួរតែយកក្រដាសជូតញើសឲ្យគេ ដោយនិយាយថា លោកប្តី បងហត់ហើយ។ អ្នកអាចបន្តសរសើរប្តីអ្នក ដោយនិយាយថា ទោះបីជាមាននារីច្រើនតាមស្រឡាញ់ស្វាមីអ្នកក៏ដោយ ក៏គេនៅតែស្រឡាញ់អ្នកដែរ ហើយទុកអ្នកនៅតំណែងទី១រហូត។ នៅពេលដែលគិតលុយ អ្នកគួរតែជាអ្នកចេញ ដើម្បីបង្ហាញជនទី៣នោះថា អ្នកជាអ្នកកាន់កាប់លុយក្នុងផ្ទះ។ នៅពេលដែលអ្នកធ្វើបែបនេះ នោះស្រីក្រៅនោះនឹងមិនតាមស្វាមីអ្នកទៀតទេ ព្រោះគេគិតថា គេមិនអាចយកលុយពីស្វាមីអ្នកច្រើនឡើយ៕