មនុស្សមួយចំនួនតែងតែមានទម្លាប់ចែករំលែករបស់ប្រើប្រាស់មួយចំនួនជាមួយអ្នកដទៃ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថារបស់ប្រើប្រាស់មួយចំនួន អ្នកមិនអាចចែករំលែកបានទេ ព្រោះវាអាចនឹងប៉ះពាល់ដល់អ្នកបាន។ តើមានអ្វីខ្លះដែលមិនអាចចែករំលែក?
1. អ្នកមិនត្រូវប្រើសាប៊ូលាងដៃដែលមានលក្ខណៈជាដុំជាមួយអ្នកដទៃទេ ព្រោះនៅខាងក្រោមនៃសាប៊ូដុំនោះមានលក្ខណៈសើម ដែលងាយស្រួលឲ្យមេរោគរស់នៅណាស់ ដូចនេះនៅពេលដែលអ្នកប្រើជាមួយអ្នកដទៃ អ្នកអាចឆ្លងមេរោគបាន។

2. អ្នកក៏មិនត្រូវប្រើក្រាស់សិតសក់ និងមួកជាមួយអ្នកដទៃដែរ ព្រោះមេរោគផ្សេងៗអាចឆ្លងចូលស្បែកក្បាលអ្នកយ៉ាងងាយ។

3. កន្ត្រៃកាត់ក្រចកក៏មិនអាចប្រើរួមជាមួយគ្នាដែរ ព្រោះបើអ្នកកាត់មិនប្រយ័ត្ន ហើយមុតត្រូវដៃ នោះមេរោគនឹងអាចឆ្លងចូលបាន ដូចនេះនៅពេលដែលអ្នកប្រើរួច អ្នកត្រូវតែយកអាកុលលាងសម្អាតវាទើបបាន។

4. អ្នកមិនត្រូវផឹកភេសជ្ជៈក្នុងដបតែមួយទេ ព្រោះមេរោគ និងជំងឺផ្សេងៗនឹងឆ្លងចូលរាងកាយអ្នកតាមរយៈទឹកមាត់របស់អ្នក ដូចនេះវានឹងធ្វើឲ្យអ្នកកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។

5. កាសទូរសព្ទ័ក៏មិនត្រូវប្រើជាមួយគ្នាដែរ ព្រោះនៅពេលដែលអ្នកដទៃប្រើយូរ ហើយអ្នកខ្ចីគេយកមកប្រើ វានឹងឆ្លងមេរោគផ្សេងៗចូលតាមត្រចៀកអ្នកបាន ដូចនេះមុននឹងប្រើ អ្នកអាចយកវាទៅសម្លាប់មេរោគសិនទើបប្រើ។

6. អ្នកមិនត្រូវប្រើច្រាសដុសធ្មេញជាមួយអ្នកដទៃទេ ទោះជាមនុស្សដែលអ្នកស្រលាញ់ខ្លាំងក៏មិនត្រូវប្រើដែរ ព្រោះនៅលើច្រាសដុសធ្មេញនីមួយៗក្រោយពេលដែលអ្នកប្រើរួចតែងតែមានមេរោគជាច្រើន ជាពិសេសនៅពេលដែលអ្នកដុសហើយចេញឈាម ដូចនេះនៅពេលដែលអ្នកប្រើជាមួយគ្នា វានឹងធ្វើឲ្យអ្នកមានជំងឺពេញខ្លួនជាមិនខាន។

7. ក្រវិលអ្នកមិនត្រូវប្រើជាមួយអ្នកដទៃទេ ព្រោះបើគេដោះវាចេញមក ហើយចេញឈាមត្រចៀក ហើយអ្នកយកមកពាក់ នោះអ្នកនឹងអាចឆ្លងមេរោគបានតាមរយៈឈាមនោះ។

8. ម៉ាស៊ីនកោររោមក្លៀកក៏មិនត្រូវប្រើជាមួយគ្នាដែរ ព្រោះមេរោគអាចឆ្លងចូលតាមរន្ធញើសអ្នកបាន ធ្វើឲ្យអ្នកមានជំងឺដោយមិនដឹងខ្លួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង