តើមានវិធីអ្វីខ្លះដែលអាចជួយអ្នកឱ្យទទួលបានការងារធ្វើ? ឲ្យតែអ្នកឆ្លើយត្រូវសំនួរដែលសំភាសន៍ នោះអ្នកនឹងអាចទទួលបានការងារយ៉ាងងាយស្រួល ដូចនេះគួរតែឆ្លើយដូចម្តេចទៅ?

1. បើគេឱ្យអ្នកណែនាំពីខ្លួនឯង អ្នកមិនត្រូវនិយាយតែពីឈ្មោះ អាយុ ចំណង់ចំណូលចិត្តអ្នកទេ ព្រោះទាំងនេះសុទ្ធតែមានក្នុងស៊ីវីរបស់អ្នក ប៉ុន្តែអ្នកត្រូវតែនិយាយពីសមត្ថិផលផ្សេងៗដែលអ្នកធ្លាប់ទទួលបាន ឬនិយាយពីអត្តចរិតអ្នកជាមនុស្សប្រភេទណា ដើម្បីទាក់ទាញអ្នកដែលសំភាសន៍អ្នកឲ្យមានចំណាប់អារម្មណ៍លើអ្នក។

2. នៅពេលដែលគេសួរអ្នកពីមុខវិជ្ជាណាដែលអ្នកមិនពេញចិត្តនៅសាលា អ្នកមិនត្រូវឆ្លើយដោយប្រាប់មូលហេតុច្បាស់លាស់ពេកទេ អ្នកត្រូវតែឆ្លើយថា មានមុខវិជ្ជាមួយចំនួនដែលអ្នកមិនពេញចិត្ត ប៉ុន្តែដោយសារតែមិនពេញចិត្ត អ្នកតែងតែខិតខំប្រឹងប្រែងស្រាវជ្រាវ លុះយូរទៅមុខវិជ្ជាទាំងនោះធ្វើឲ្យអ្នកចូលចិត្តឡើងវិញ នៅពេលដែលអ្នកឆ្លើយបែបនេះ នោះគេនឹងគិតថា ពេលដែលអ្នកជួបនឹងការងារមិនពេញចិត្ត អ្នកនឹងខិតខំធ្វើ ដោយមិនត្អូយត្អែរឡើយ។

3. នៅពេលដែលគេសួរអ្នកពីគុណវិបត្តិរបស់អ្នក អ្នកមិនត្រូវឆ្លើយបីគុណវិបត្តិភ្លាមនោះទេ អ្នកត្រូវតែឆ្លើយពីគុណសម្បតិ្ត ហើយទើបនិយាយចូលគុណវិបត្តិបន្តិច ទើបចូលគុណសម្បត្តិវិញ នោះអ្នកដែលសំភាសន៍អ្នកនឹងយល់ថាអ្នកជាមនុស្សដែលឆ្លាត។

4. នៅពេលដែលគេសួរអ្នកទាក់ទងនឹងចៅហ្វាយនាយមុនរបស់អ្នក និងមិត្តរួមការងារចាស់អ្នកថាតើអ្នកមានជម្លោះនឹងពួកគេឬទេ អ្នកត្រូវតែស្ងាត់មួយសន្ទុះ ហើយនិយាយថាគ្មានទេ ហើយត្រូវតែសរសើពីថ្នាក់លើចាស់របស់អ្នក ដើម្បីឲ្យគេគិតថាអ្នកជាមនុស្សដែលងាយស្រួលចុះសម្រុង ហើយមិនចេះនិយាយដើមរបស់ចៅហ្វានាយឡើយ។

5. គេនឹងអាចសួរអ្នកទាក់ទងនឹងភាពបរាជ័យនៃការរៀនសូត្រ និងការងារចាស់របស់អ្នក ដើម្បីចង់ដឹងថាអ្នកចេះរៀនពីកំហុសទាំងនោះឬនៅ នោះអ្នកអាចឆ្លើយចំនុចដែលអ្នកបរាជ័យ បន្ទាប់មកឆ្លើយពីចំនុចដែលអ្នកធ្វើឲ្យវាប្រសើរវិញ ហើយថ្ងៃក្រោយអ្នកមិនប្រព្រឹត្តខុសទៀតទេ នេះជាអ្វីដែលអ្នកសំភាសន៍អ្នកចូលចិត្តស្តាប់បំផុត៕