ជំងឺមហារីកគ្រាប់ឈាមសបានកើនឡើងនាពេលបច្ចុប្បន្នដូចកាលដែលវាកើតឡើងក្នុងឆ្នាំ ១៩៥០អ៊ីចឹង ប៉ុន្តែការព្យាបាលថ្មីអាចជួយអ្នករស់នៅយូរជាងមុន និងពេលខ្លះអាចព្យាបាលជាទៀតផង។ ខណៈពេលដែលវាច្រើនតែកើតមានជាញឹកញាប់លើកុមារ តែមនុស្សធំបែរជាកើតច្រើនជាងក្មេងៗទៅទៀត។ មហារីកគ្រាប់ឈាមសមានច្រើនប្រភេទ។ ភាគច្រើនចាប់ផ្តើមនៅក្នុងកោសិកាគ្រាប់ឈាមស ប៉ុន្តែត្រូវការការព្យាបាលខុសៗគ្នាដែរ។ 

យើងមិនដឹងថាហេតុអ្វីបានជាបណ្តាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមសនេះទេ ប៉ុន្តែសារធាតុគីមីជាច្រើនដូចជា Benzene ដែលមានក្នុងបារី និងត្រូវបានប្រើប្រាស់ក្នុរោគចក្រ អាចបង្កើនឱកាសកើតជំងឺនេះបាន។ ការព្យាបាលជំងឺមហារីកដោយប្រើថ្នាំមហារីក និងកាំរស្មីអាចជារឿងដែលទៅរួចដែរ។ អ្នកក៏ទំនងជាមានជំងឺនេះបើសិនជាអ្នកមានជំងឺហ្សែនដូចជា Down Syndrome និង Fanconi Anemia។ បើសិនជាឪពុកម្តាយ បងប្អូនប្រុសស្រី  ឬកូនមានជំងឺនេះ ដូច្នេះឱកាសរបស់អ្នកក៏មានខ្ពស់ដែរ។ 

ក្នុងកោសិកាគ្រាប់ឈាមមនុស្សយើងត្រូវបានបែងចែកជាបីប្រភេទធំៗ៖ គ្រាប់ឈាមសមាននាទីប្រឆាំងនឹងជំងឺ គ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែន និងប្លាកែតជួយធ្វើឲ្យឈាមកកនៅពេលមានរបួស។ គ្រាប់ឈាមទាំងអស់នេះសុទ្ធតែកើតចេញពីក្នុងខួរឆ្អឹងទាំងអស់។ ខួរឆ្អឹងមាននាទីផលិត និងបញ្ចេញកោសិកាគ្រាប់ឈាមរាប់រយលានជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅពេលអ្នកមានជំងឺមហារីកគ្រាប់ឈាម ដំណើរការណ៍នេះមានការរាំងស្ទះ។ 

ជំងឺមហារីកគ្រាប់ឈាមសមិនមានសញ្ញាអ្វីបញ្ជាក់ឡើយ។ រោគសញ្ញារបស់វាងាយនឹងមិនច្បាស់លាស់ណាស់។ ដំបូងឡើយ វាប្រហែលជាហាក់បីដូចជាមានលក្ខណៈជំងឺផ្តាសាយធំ។ ការដែលមានគ្រាប់ឈាមក្រហមតិចតួច អាចធ្វើឲ្យកង្វះគ្រាប់ឈាម ដែលជាហេតុនាំឲ្យស្លេកស្លាំង អស់កម្លាំង និងពិបាកដកដង្ហើម។ នៅពេលអ្នកមានចំនួនកោសិកាគ្រាប់ឈាមសុខភាពល្អតិចតួច អ្នកនឹងមិនអាចប្រឆាំងនឹងការឈ្លានពានរបស់ជំងឺបានឡើយ។ ដូច្នេះអ្នកងាយនឹងមានជំងឺ ហើយឈឺយូរៗទៀត។ កាលណាប្លាកែតចុះទាប អ្នកនឹងងាយមានបញ្ហាជាំស្បែក និងងាយហូរឈាមច្រើនដែរ។ 

ជាទូទៅ អ្នកប្រហែលជាមានអារម្មណ៍មិនល្អ ខ្សោយ គ្រុន ក្តៅខ្លួន និងបែកញើសពេលយប់។ អ្នកអាចនឹងងាយឈាមច្រមុះ មានកន្ទួលក្រហមៗតូចៗនៅលើស្បែក និងហើម ឬហូរឈាមតាមអញ្ចាញធ្មេញ។ អ្នកប្រហែលជាស្រកទម្ងន់ដោយមិនដឹងមូលហេតុ ហើយឈឺឆ្អឹង និងសន្លាក់ថែមទៀត។ កោសិកាមហារីកអាចកើនឡើង និងបង្កឲ្យហើមកូនកណ្តុរ អណ្តើក និងថ្លើម។ បើសិនជាវាប្រមូលផ្តុំនៅខួរក្បាល អ្នកនឹងឈឺក្បាល វង្វេងវង្វាន់ និងប្រកាច់ថែមទៀត៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here