ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ “ផ្លែចេក”ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់រក្សាសុខភាពរាងកាយផងដែរ។ ជាធម្មតា “ផ្លែចេក” តែងផ្សារភ្ជាប់ជាមួយនឹងជាតិប៉ូតាស្យូមជានិច្ច ប៉ុន្តែនេះមិនមែនជាសារធាតុចិញ្ចឹមតែមួយដែលវាមានផ្ទុកឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីនច្រើនប្រភេទទៀត រួមទាំងវីតាមីន A, B និង C ជាមួយជាតិផូស្វ័រ, ម៉ាញ៉េស្យូម និងជាតិសសៃ។ ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ ដោយវាមានផ្ទុកជាតិកាឡូរីត្រឹមតែ ៩០ កាឡូរី។ ទោះជាយ៉ាងណា តើអ្នកធ្លាប់ឆ្ងល់ទេថា អ្វីនឹងអាចកើតឡើងទៅប្រសិនបើអ្នកទទួលទានផ្លែចេករាល់ថ្ងៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានផ្លែចេកជាប្រចាំ ៖
១. ទប់ស្កាត់ប្រឆាំងជំងឺខ្វះគ្រាប់ឈាមក្រហម
ចេក ជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។
២. សុខភាពបេះដូង
ផ្លែចេក ជាប្រភពដ៏ប្រសើរបំផុតនៃជាតិប៉ូតាស្យូម និងម៉ង់កាណែសដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូង ជាពិសេសជួយគ្រប់គ្រងសម្ពាធឈាមទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភបានជាច្រើន។
៣. គ្រប់គ្រងសម្ពាធឈាម
ផ្លែចេក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រងជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងធ្វើអោយកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។
៤. បង្កើនការរំលាយអាហារ
ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៥. សុខភាពតម្រងនោម
ប៉ូតាស្យូមក៏សំខាន់សម្រាប់សុខភាពតម្រងនោមល្អប្រសើរផងដែរ។ ដូច្នេះដើម្បីជៀសផុតពីហានិភ័យនៃជំងឺតម្រងនោម ចូរទទួលទានចេកអោយបានយ៉ាងហោចណាស់ពី ៤ ទៅ ៦ ដងក្នុងមួយសប្តាហ៍៕