បញ្ហាឈឺជង្គង់អាចកើតឡើងបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើន រួមបញ្ចូលទាំងការឡើងទម្ងន់លើសពេក, របួស និងស្ថានភាពសុខភាពណាមួយ ហើយការឈឺចាប់មានពីកម្រិតស្រាលដល់ធ្ងន់ធ្ងរដែលបង្កការរំខានគួរអោយព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្នាំបំបាត់ការឈឺចាប់មានមិនខ្វះឡើយ ប៉ុន្តែការទទួលទានថ្នាំប្រភេទនេះច្រើនអាចបង្កផលប៉ះពាល់ផ្សេងទៀតចំពោះសុខភាព។ ទោះជាយ៉ាងណា កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរូបមន្តបែបធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់សម្រាលអាការៈឈឺចាប់ជង្គង់បានយ៉ាងឆាប់រហ័ស ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាកាហ្វេក្នុងទឹកឆ្អិន ២ ពែង។ កូរអោយសព្វ សឹមទទួលទានពេញមួយថ្ងៃជាប្រចាំរហូតអាការៈឈឺចាប់បានធូរស្បើយ។ ឬក៏អ្នកអាចលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ពែងក្នុងទឹកក្ដៅឧណ្ហៗ រួចត្រាំក្បាលជង្គង់ក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ៣០ នាទីជាការស្រេច។
២. តែខ្ញី
ខ្ញី មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបំបាត់ការហើម និងឈឺចាប់ជង្គង់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញីពេញមួយថ្ងៃ។
៣. ក្រូចឆ្មារ
ប្រសិនបើជង្គង់អ្នកឈឺដោយសារតែបញ្ហារលាកសន្លាក់ ចូរប្រើប្រាស់ក្រូចឆ្មារដើម្បីបំបាត់ការឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ក្រូចឆ្មារប៉ុន្មានចំណិត រួចខ្ចប់វាក្នុងក្រណាត់ស្អាតតូចមួយ ហើយចងអោយជាប់ សឹមជ្រលក់ក្នុងប្រេងល្ងក្ដៅឧណ្ហៗ និងដាក់ស្អំលើជង្គង់សម្រាប់រយៈពេលពី ៥ ទៅ ១០ នាទីជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃ។
៤. អំបិល Epsom
អ្នកអាចរកទិញអំបិលនេះបាននៅផ្សារទំនើប។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមអំបិល Epsom កន្លះពែងក្នុងទឹកក្ដៅឧណ្ហៗ ហើយកូរអោយសព្វ សឹមត្រាំជង្គង់ក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍រហូតដល់បាត់ឈឺចាប់ និងហើម។
៥. រមៀត
រមៀត មានផ្ទុកសម្បូរទៅដោយសារធាតុ Curcumin ជួយបំបាត់ការរលាក កាត់បន្ថយការឈឺចាប់ និងហើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរមៀតពេញមួយថ្ងៃ ឬអ្នកអាចលាយម្ស៉ៅរមៀតជាមួយប្រេងអូលីវ រួចលាបលើជង្គង់ជាការស្រេច៕