ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងចំណោមអាការៈទាំងនោះរួមមាន វិលមុខ, ឆាប់ឆេវឆាវ, ឈឺក្បាល, ឃ្លានខ្លាំង, ចុករមួលក្នុងពោះ និងអស់កម្លាំង ជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណា អ្នកអាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេល និងកំឡុងពេលមករដូវ ៖
១. ទទួលទានជាតិខ្លាញ់ល្អ
មិនមែនជាតិខ្លាញ់គ្រប់ប្រភេទសុទ្ធអាក្រក់ចំពោះសុខភាពឡើយ ក៏ព្រោះមានជាតិខ្លាញ់មួយចំនួនអាចជួយគ្រប់គ្រងកម្រិតនៃការផលិតអ័រម៉ូនបាន។ ជាតិខ្លាញ់ទាំងនោះរួមមាន ប្រេងដូង, សាច់សត្វធម្មជាតិ, ប្រេងអូលីវ, បឺរ ជាដើម។ ប្រេងដូង មានប្រសិទ្ធិភាពជួយក្នុងការសម្រកទម្ងន់ ក៏ដូចជាជួយការផលិតអ័រម៉ូន, កម្ចាត់បាក់តេរី និងសូម្បីតែកាត់បន្ថយការរលាក។ ដូច្នេះដើម្បីជាការប្រសើរ អ្នកអាចបន្ថែមប្រេងដូងចំនួន ៤ ស្លាបព្រាបាយក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានជាតិខ្លាញ់ល្អគ្រប់គ្រាន់។
២. ទទួលទានបន្លែអោយច្រើនជាងមុន
ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវ អ្នកគួរចាប់ផ្ដើមទទួលទានបន្លែអោយច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយកាល់ស្យូម, ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលអាចសម្រាលអាការៈចុករមួលក្នុងពោះ។
៣. ជៀសវាងទទួលទានអាហារមានផ្ទុកជាតិខ្លាញ់អូមេហ្គា ៦
ទោះបីរាងកាយត្រូវការជាតិខ្លាញ់ដើម្បីបង្កើតកោសិកា ក៏ដូចជាការផលិតអ័រម៉ូន ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវទទួលទានជាតិខ្លាញ់គ្រប់ប្រភេទឡើយ ជាពិសេសជាតិខ្លាញ់អូមេហ្គា ៦។ ការទទួលទានជាតិខ្លាញ់ polyunsaturated ឬជាតិខ្លាញ់អូមេហ្គា ៦ ច្រើនពេកអាចបង្កើនការរលាក និងអាចបង្កបញ្ហាកកស្ទះក្នុងសសៃឈាមផងដែរ។ ជម្រើសដ៏ល្អបំផុតនោះ គឺអាស៊ីតខ្លាញ់អូមេហ្គា ៣។
៤. ទទួលទានផ្លែបឺរ
គ្រាន់តែទទួលទានផ្លែបឺរមួយចំហៀង អាការៈឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ, ប៉ូតាស្យូម, ជាតិខ្លាញ់ល្អ និងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។
៥. នៅអោយឆ្ងាយពីជាតិគីមី
អាហារមួយចំនួន ក៏ដូចជាផលិតផលប្រើប្រាស់ខ្លះមានផ្ទុកសារធាតុគីមីដែលជះឥទ្ធិពលមិនល្អលើអ័រម៉ូន ហើយអ្នកគួរតែនៅអោយឆ្ងាយ ឬជៀសអោយផុត។ ផលិតផលទាំងនោះរួមមាន ថ្នាំសម្លាប់សត្វល្អិត, ផ្លាស្ទិក, អាហារកែច្នៃ ជាដើម។ ដើម្បីជាការប្រសើរ អ្នកគួរជ្រើសរើសទទួលទាន និងប្រើប្រាស់ផលិតផលធម្មជាតិ៕