ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែទទួលបានសំណួរពីមិត្តអ្នកអានយើងជាច្រើន ប៉ុន្តែអ្វីដែលឃើញជាញឹកញាប់នោះគឺបងប្អូនយើងនារីៗតែម្តង ដែលគាត់តែងតែសួរថា ហេតុអ្វីបានជាពួកគេមិនមករដូវ ឬហេតុអ្វីបានជារដូវមកតិចៗម្លេះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះពិតជាធ្វើឲ្យពួកគេបារម្ភច្រើន។ ប៉ុន្តែបើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ វាអាចជាសញ្ញាដ៏អស្ចារ្យមួយទៅវិញ។ យ៉ាងណាមិញ បើសិនជាមិនចង់មានផ្ទៃពោះទេ វាអាចនឹងបណ្តាលមកពីមូលហេតុមួយចំនួនផ្សេងទៅវិញ។ ដូច្នេះសូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
មានផ្ទៃពោះ
រឿងដំបូងគេដែលអ្នកគួរតែទាត់ចោលនោះគឺការមានផ្ទៃពោះ។ បើសិនជាអ្នកមានឱកាសតិចតួចដែរក្នុងការមានផ្ទៃពោះ ចូរធ្វើតេស្តរកមើលវាសិនទៅ ព្រោះជួនកាល អាការៈនៃការមានផ្ទៃពោះភ្លាមៗមួយចំនួនអាចស្រដៀងគ្នានឹងអាការៈមុនពេលមករដូវដែរ។
ស្រ្តេស
ស្រ្តេសអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សយើង ហើយក៏មានឥទ្ធិពលច្រើនដល់រាងកាយផងដែរ។ អ្នកខ្លះមានអាការៈកើតមុន ស្រកទម្ងន់ ឡើងទម្ងន់ ឈឺក្បាល អារម្មណ៍មិនល្អ និងអស់កម្លាំង ហើយក៏អាចចេញជាអាការៈផ្សេងៗមុនពេលមករដូវ និងកាន់តែធ្ងន់ធ្ងរទៀតផងទោះបីជាឈប់មករដូវក៏ដោយ។ កាលណាយើងស្រ្តេស រាងកាយនឹងផលិតអ័រម៉ូន Cortisol និង Adrenaline។ កាលណាអ័រម៉ូនទាំងនេះចេញម្តងៗច្រើនៗបែបនេះ វានឹងប៉ះពាល់ដល់មុខងារខួរក្បាល ហើយក៏ពន្យាពេលនៃការមករដូវរបស់ស្រ្តីដែរ។ យ៉ាងណាមិញ ស្រ្តីភាគច្រើននឹងមករដូវធម្មតាវិញក្រោយពីឈប់ខ្វល់ខ្វាយ ឬស្រ្តេសច្រើនទៀត។
ប្រែប្រួលទម្ងន់
ខួរក្បាលមានក្រពេញមួយឈ្មោះថា Hypothalamus ដែលវាមាននាទីសម្រួលដល់ដំណើរការផ្សេងៗរបស់រាងកាយរួមទាំងវដ្តរដូវផងដែរ។ ដូច្នេះកាលណាស្រាប់តែស្រកទម្ងន់ ឬឡើងទម្ងន់ភ្លាមៗ វានឹងប៉ះពាល់ដល់វដ្តរដូវតែម្តង។ អ្នកដែលញ៉ាំអាហារច្រើនខុសធម្មតា ឬមិនឃ្លានអាហារអាចប្រឈមខ្លាំងនឹងការថយចុះរបស់អ័រម៉ូនអេស្រ្តូជែន ជាហេតុនាំឲ្យរដូវទៅជាយឺត ឬឈប់មកតែម្តងក៏មានដែរ។ ជាមនុស្សដែលធាត់ជ្រុលគឺអាចប្រឈមខ្លាំងនឹងការមករដូវរយៈពេលខ្លីព្រោះអ័រម៉ូនអេស្រ្តូជែនផលិតច្រើនពេក។ ការហាត់ប្រាណច្រើនៗពេកក៏ប៉ះពាល់ដល់ដល់រាងកាយដូចគ្នាផងដែរ។
ផ្លាស់ប្តូរកាលវិភាគធ្វើការ ឬសិក្សា
អ្នកខ្លះអាចនឹងមានបញ្ហាមិនមករដូវក្រោយពីផ្លាស់ប្តូរវេនធ្វើការងារ ឬសិក្សា។ បើសិនជាអ្នកធ្លាប់តែធ្វើការយប់ ហើយស្រាប់តែផ្លាស់មកធ្វើការព្រឹកវិញ ឬស្រាប់តែត្រូវធ្វើដំណើរទៅប្រទេសផ្សេង នោះវាអាចនឹងធ្វើឲ្យរដូវមកយឺតដែរ។ ការផ្លាស់ប្តូរភ្លាមៗបែបនេះអាចប៉ះពាល់ដល់អ័រម៉ូន និងបង្ខំឲ្យរដូវក្រកើតមាន។
បញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីទមានតួនាទីច្រើនក្នុងការរំលាយអាហារក្នុងរាងកាយ។ បើសិនជាវាធ្វើការមិនបានល្អទេ វាអាចបណ្តាលឲ្យវដ្តរដូវមកមិនធម្មតាដែរ។ ការលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីតអាចបណ្តាលឲ្យរដូវមកតិចជាងមុន និងមិនសូវមករដូវ ខណៈដែលការមានអ័រម៉ូនក្រពេញទីរ៉ូអ៊ីតតិចវិញ ធ្វើឲ្យរដូវមកច្រើនៗ តែមិនញឹកញាប់ទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺនេះបាន ទាល់តែធ្វើតេស្តឈាម។
ការមិនមករដូវអាចជាបទពិសោធន៍ដ៏គួរឲ្យខ្លាចមួយ ប៉ុន្តែចូរកុំព្យាយាមធ្វើអ្វីដែលមិនត្រឹមត្រូវឲ្យសោះ។ មិនត្រូវយល់ថាវាគឺជារឿងដែលធ្ងន់ធ្ងរឡើយ។ បើសិនជាអ្នកស្រាប់តែមានការប្រែប្រួលរដូវភ្លាមៗ ឬមានអាការៈមុនមករដូវធ្ងន់ធ្ងរ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ព្រោះពួកគេអាចនឹងបញ្ជាក់អ្នកកាន់តែច្បាស់អំពីរឿងនេះ ព្រមទាំងផ្តល់ជាដំបូន្មានល្អៗ ឬអាចប្រើថ្នាំក្នុងករណីចាំបាច់៕