គ្រាន់តែក្នុងសហរដ្ឋអាមេរិកតែមួយ មានមនុស្សម្នាក់កើតជំងឺលើសសម្ពាធឈាមទៅហើយក្នុងចំណោមមនុស្ស៤នាក់។ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាខ្លួនមានជំងឺនេះទេ។ កាលណាជំងឺនេះមិនបានព្យាបាល វានឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជំងឺលើសសម្ពាធឈាមក៏អាចបណ្តាលឲ្យខូចដល់តម្រងនោម និងប្រឈមខ្ពស់នឹងការខ្វាក់ភ្នែក និងភ្លេចភ្លាំងថែមទៀត។ ហេតុដូច្នេះហើយទើបជំងឺនេះត្រូវបានគេឲ្យរហ័សនាមថា “ឃាតករឈាមត្រជាក់”។ មនុស្សយើងគ្រប់គ្នាសុទ្ធតែអាចកើតជំងឺលើសសម្ពាធឈាមទាំងអស់ ប៉ុន្តែមនុស្សចាស់មានឱកាសច្រើនជាងមនុស្សវ័យក្មេង។
សម្ពាធឈាមមនុស្សយើងត្រូវបានចែកចេញជាពីរលេខ ទីមួយសម្ពាធ Systolic ដែលស្ថិតនៅខាងលើ ជាចំនួនលេខបញ្ជាក់អំពីសម្ពាធឈាមនៅពេលបេះដូងច្របាច់។ ទីពីរ សម្ពាធ Diastolic ជាសម្ពាធចំណាំងផ្លាតនៅពេលបេះដូងសម្រាកចន្លោះពេលកន្ត្រាក់ម្តងៗ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា សម្ពាធ Systolic គឺជាសញ្ញាបញ្ជាក់អំពីជំងឺលើសសម្ពាធឈាម ជាពិសេសមនុស្សចាស់។ សម្រាប់សម្ពាធ Diastolic វិញ នឹងកើនឡើងនៅពេលអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ ហើយក៏ថយចុះវិញដែរ។ ម៉្យាងវិញទៀត សម្ពាធ Systolic នឹងបន្តឡើងខ្ពស់ទៅតាមអាយុទៀត។ ខណៈពេលដែល សម្ពាធឈាមខ្ពស់ជាង ១៤០/៩០ ត្រូវបានចាត់ទុកថាឡើងខ្ពស់ តែប្រហែល ៦៥ភាគរយនៃអ្នកជំងឺលើសសម្ពាធឈាមអាយុចាប់ពី ៦០ឆ្នាំឡើងទៅគឺមានបញ្ហាលើសសម្ពាធឈាមបែប Isolated Systolic Hypertension (ISH)។
ជំងឺលើសសម្ពាធឈាមមានប្រតិកម្មជាមួយនឹងកត្តាប្រឈមមុខធំផ្សេងៗទៀតដូចជា ជំងឺទឹកនោមផ្អែម និងលើសកូឡេស្តេរ៉ុល ដែលជាហេតុធ្វើឲ្យអ្នកជំងឺនេះប្រឈមខ្ពស់នឹងគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការផ្លាស់ប្តូររបៀបរស់នៅអាចជួយអ្នកទទួលបានសម្ពាធឈាមធម្មតាវិញ។ ការណែនាំផ្សេងៗទៀតមានដូចជា៖
- ត្រូវស្វែងយល់បន្ថែមអំពីសម្ពាធ Systolic
- បើសិនជាអ្នកអាយុវ័យកណ្តាល ឬចាស់ហើយ សម្ពាធ Systolic គឺជាសម្ពាធឈាមក្នុងការបញ្ជាក់ថាអ្នកប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលហើយ
- សម្ពាធឈាមរបស់មនុស្សគ្រប់វ័យគួរតែធ្វើយ៉ាងណាឲ្យចុះក្រោម ១៤០/៩០
- ការព្យាបាលជំងឺលើសសម្ពាធឈាមត្រូវតែចាប់ផ្តើមឲ្យបានលឿនដើម្បីកុំឲ្យមានផលវិបាក ទោះបីជាអ្នកអាយុប៉ុណ្ណាក៏ដោយ
- អ្នកជំងឺទឹកនោមផ្អែម សម្ពាធឈាមគួរតែធ្វើយ៉ាងណាឲ្យស្ថិតក្រោម ១៣០/៨៥ ហើយអ្នកដែលមានជំងឺខ្សោយតម្រងនោម និងបេះដូង គួរតែឲ្យចុះទាបបំផុតតាមតែអាចធ្វើទៅបាន៕