ការមានផ្ទៃពោះ គឺជាកំឡុងពេលដ៏សំខាន់បំផុតមួយក្នុងជីវិតរបស់មនុស្សស្រី។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានអាហារមិនត្រឹមត្រូវក្នុងរយៈពេលនេះអាចបង្កើនហានិភ័យនៃទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ និងផលវិបាកដទៃទៀតគួរឲ្យព្រួយបារម្ភ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរមានរបបអាហារសុខភាពល្អ ហើយដឹងពីអ្វីដែលគួរទទួលទាន និងអ្វីមិនគួរ ដោយអាហារមួយចំនួនអាចទទួលទានបានក្នុងបរិមាណបន្តិចបន្តួចប៉ុណ្ណោះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលស្ត្រីគួរជៀសវាងទទួលទានកំឡុងពេលមានផ្ទៃពោះ ៖
១. គ្រឿងស្រវឹង ឬជាតិអាល់កុល
មិនថាក្នុងកម្រិតតិចតួចប៉ុណ្ណាក៏ដោយ ក៏គ្រឿងស្រវឹងអាចផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះស្ត្រីកំពុងពពោះ និងកូនក្នុងផ្ទៃដែរ។ ដូច្នេះដើម្បីជាការប្រសើរ ស្ត្រីគួរជៀសអោយផុតពីការទទួលទានគ្រឿងស្រវឹងកំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណា អ្នកក៏មិនគួរទទួលទានគ្រឿងស្រវឹងកំឡុងពេលបំបៅដោះកូនដែរ ក៏ព្រោះជាតិអាល់កុលអាចជ្រាបចូលក្នុងរាងកាយទារកនៅពេលបំបៅ។
២. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ដើម្បីជាការប្រសើរ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនឡើង ក៏ព្រោះវាអាចបង្កផលប៉ះពាល់ដល់អត្រាចង្វាក់បេះដូងរបស់ទារក។ ទោះជាយ៉ាងណា វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ស្ត្រីមានផ្ទៃពោះអាចទទួលទានភេសជ្ជៈកាហ្វេអ៊ីនបាន ប៉ុន្តែមិនត្រូវលើសពី ២០០ មីលីក្រាមឡើយ ហើយក៏មិនគួរទទួលទានជាប្រចាំដែរ។
៣. សាច់ឆៅ
កំឡុងពេលមានផ្ទៃពោះ អ្នកគួរជៀសអោយផុតពីការទទួលទានសាច់ឆៅ! ក៏ព្រោះសាច់ប្រភេទនេះអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃ toxoplasmosis ដែលគ្រោះថ្នាក់បំផុតចំពោះទារកមិនទាន់កើត។
៤. ស៊ុតឆៅ
ស្ត្រីមានផ្ទៃគួរជៀសវាងការទទួលទានស៊ុតមិនទាន់ឆ្អិន។ នោះក៏ព្រោះតែស៊ុតឆៅអាចមានផ្ទុកបាក់តេរី salmonella ដែលនាំអោយមានការពុល ហើយជះឥទ្ធិពលដល់ទាំងសុខភាពទារកក្នុងផ្ទៃ និងស្ត្រីជាម្ដាយផងដែរ។
៥. គ្រឿងក្នុងសត្វ
សាច់គ្រឿងក្នុងជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពម្ដាយ និងទារក រួមទាំងជាតិដែក, វីតាមីន B12, វីតាមីន A និងទង់ដែង ប៉ុន្តែវីតាមីន A ច្រើនពេក គឺមិនល្អឡើងក្នុងកំឡុងពេលមានផ្ទៃពោះ។ វាអាចបង្កអោយមានជាតិពុលវីតាមីន A ហើយកម្រិតនៃជាតិទង់ដែងខ្ពស់ពេកមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពទារកប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានដល់ថ្លើមផងដែរ។ ដូច្នេះស្ត្រីមានផ្ទៃពោះមិនគួរទទួលទានគ្រឿងក្នុងច្រើនជាងម្ដងក្នុងមួយសប្តាហ៍ឡើយ៕