ការរ៉ាំងរដូវគឺជាពេលវេលាមួយក្នុងជីវិតរបស់ស្រ្តីគ្រប់រូប។ វាអាចសម្គាល់ដឹងតាមរយៈការមិនមករដូវរយៈពេលពេញ ១២ខែ។ អាយុជាមធ្យមនៃការរ៉ាំងរដូវបែបធម្មជាតិគឺអាយុ ៥១ឆ្នាំ។ ពេលខ្លះ ការរ៉ាំងរដូវកើតឡើងលឿនជាងធម្មតា ដោយសារតែមានជំងឺហ្សែន ឬការវះកាត់។ វាក៏មានការប្រែប្រួលច្រើនដែរទៅលើស្រ្តីដែលត្រូវដលង់ពេលរ៉ាំងរដូវធម្មតា។ 

យ៉ាងណាមិញ ការរ៉ាំងរដូវមុនអាយុ ៤០ឆ្នាំ ត្រូវបានគេចាត់ទុកថាជាការរ៉ាំងរដូវមុនកំណត់។ មូលហេតុជំងឺនៃការរ៉ាំងរដូវលឿនបែបនេះគឺត្រូវបានគេដឹងថា ជាការខ្សោយក្រពេញអូវ៉ែមុនកំណត់ដែរ។ ការខ្សោយក្រពេញអូវ៉ែមុនកំណត់មិនដូចគ្នានឹងការរ៉ាំងរដូវមុនកំណត់ឡើយ។ ការខ្សោយក្រពេញអូវ៉ែមុនកំណត់មានន័យថា ក្រពេញអូវ៉ែឈប់ធ្វើការធម្មតាមុនអាយុ ៤០ឆ្នាំ។ ស្រ្តីដែលមានជំងឺខ្សោយក្រពេញអូវ៉ែមុនកំណត់ ប្រហែលជាមករដូវម្តងម្កាលដែរ ប៉ុន្តែជាធម្មតាមានបញ្ហាមិនអាចមានកូនបាន។ ការខ្សោយរបស់ក្រពេញអូវ៉ែមុនកំណត់ច្រើនតែជាប់ទាក់ទងនឹងការខ្សោយក្រពេញអូវ៉ែបែប Primary។ 

ការរ៉ាំងរដូវមុនកំណត់ក៏អាចបង្កឡើងដោយការព្យាបាលជំងឺមហារីក ឬជំងឺផ្សេងៗទៀតដែលត្រូវការការព្យាបាលដោយថ្នាំមហារីក ឬការព្យាបាលដោយបាញ់កាំរស្មី ទៅអាងត្រគាក។ ការព្យាបាលទាំងនេះអាចបំផ្លាញក្រពេញអូវ៉ែ និងធ្វើឲ្យខ្សោយក្រពេញអូវ៉ែបាន។ 

ការវះកាត់ចោលក្រពេញអូវ៉ែ ទាំងករណីមហារីក ឬដុំស្លូត សុទ្ធតែធ្វើឲ្យរ៉ាំងរដូវមុនកំណត់ទាំងអស់បើសិនជាកាត់ចោលទាំងពីរ។ មូលហេតុតិចតួចផ្សេងៗទៀតដែលធ្វើឲ្យរ៉ាំងរដូវមុនកំណត់ដែរនោះមានដូចជា ការប្រើថ្នាំ ជំងឺរ៉ាំរ៉ៃ ដុំសាច់ក្នុងខួរក្បាល ជំងឺសរសៃប្រសាទ និងជំងឺដ៏កម្រដែលទាក់ទងផ្សេងៗទៀត៕