ស្រ្តីមានផ្ទៃពោះរហូតដល់ ៨០ភាគរយហើយដែលមានបញ្ហាក្រពះមិនកិន។ ហើយអ្វីដែលមានច្រើនទៀតនោះគឺថា វាហាក់បីដូចជាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលផ្ទៃពោះកាន់តែវិវត្តន៍ទៅមុខ ហើយការមានបញ្ហានេះច្រើនតែកើតឡើងនៅសប្តាហ៍ទី ២៧ឡើងទៅ។ 

ក្រពះមិនកិនក្នុងពេលមានផ្ទៃពោះ ភាគច្រើនបង្កឡើងដោយបម្រែបម្រួលអ័រម៉ូន និងការដាក់សម្ពាធទៅលើក្រពះខ្លាំងពេកដោយសារតែការលូតលាស់របស់ទារក។ ការប្រែប្រួលទាំងនេះច្រើនតែធ្វើឲ្យមានការច្រាលទឹកអាស៊ីតក្រពះឡើងទៅបំពង់ករ។ យ៉ាងណាមិញបើសិនជាអ្នកកំពុងតែជួបបញ្ហានេះ ក្រៅពីប្រើថ្នាំបន្សាបអាស៊ីត គ្រូពេទ្យច្រើនតែណែនាំនូវវិធីដូចខាងក្រោមនេះបន្ថែមទៀត៖

ញ៉ាំអាហារតិចៗ តែច្រើនដង

អ្នកទំនងជាមានបញ្ហាក្រពេះមិនកិនបើសិនជាក្រពះទទួលអាហារពេញពេក។ ក្រៅពីអាហារបីពេលច្រើនៗក្នុងមួយថ្ងៃ យកល្អគួរតែញ៉ាំតិចៗវិញ តែច្រើនដង។ ចូរចាំថា អ្នកញ៉ាំអាហារផ្តល់សុខភាពនិងមានតុល្យភាពទៀត។

ចូរអង្គុយញ៉ាំអាហារ

ការអង្គុយត្រង់ខ្លួនខណៈពេលកំពុងតែញ៉ាំអាហារ អាចជួយសម្រួលសម្ពាធទៅលើក្បាលពោះបាន។ រឿងនេះនឹងជួយរក្សាអាស៊ិតក្រពះកុំឲ្យច្រាលឡើងទៅបំពង់ករបាន។ វាក៏ជារឿងដ៏ល្អ ដែលអ្នកគួរញ៉ាំអាហារយ៉ាងហោចណាស់ ៣ម៉ោងមុនគេងដែរ។ ការទៅគេងទាំងឆ្អែតទំនងជាងាយធ្វើឲ្យក្រហាយដើមទ្រូងនៅពេលយប់ណាស់។ 

ញ៉ាំតែខ្ញី

ការជក់បារី និងញ៉ាំគ្រឿងស្រវឹងមិនមែនជារឿងដែលស្រ្តីមានផ្ទៃពោះត្រូវធ្វើឡើយ។ យ៉ាងណាមិញ ការជក់បារីមិនត្រឹមតែធ្វើឲ្យក្រពះមិនកិនទេ តែក៏បង្កើនការប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែ និងកើតមិនគ្រប់ទម្ងន់ ខណៈពេលដែលញ៉ាំគ្រឿងស្រវឹងធ្វើឲ្យរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃផង។ ប៉ុន្តែការញ៉ាំតែខ្ញីត្រូវបានគេរកឃើញថា ជួយព្យាបាលអាការៈក្រពះមិនកិនបាន។ អ្នកក៏អាចបន្ថែមខ្ញីទៅក្នុងអាហារដែលអ្នកធ្វើក៏បានប្រយោជន៍ដូចគ្នាដែរ។ 

ផ្លែចេក

ផ្លែចេកដ៏ឆ្ងាយក៏អាចជួយសម្រួលដល់អាការៈក្រពះមិនកិនបានយ៉ាងល្អដែរ។ យោងទៅតាមការសិក្សាបានឲ្យដឹងថា ៧៥ភាគរយនៃអ្នកដែលមានបញ្ហាក្រពះមិនកិនត្រូវបានធូរស្រាលមកវិញនៅពេលគេញ៉ាំម្សៅចេក។ ចេកប្រហែលជាជួយការពារក្រពះអ្នកតាមរយៈការជម្រុញដល់ភ្នាស់ការពារក្រពះ។ វាផ្ទុកទៅដោយសារធាតុ Flavonoids ដែលមានឈ្មោះថា Leucocyanidin ដើម្បីបន្សាបអាស៊ីតក្រពះ។ 

ញ៉ាំទឹកឃ្មុំ

ទឹកឃ្មុំត្រូវបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាក្រពះមិនកិនជាយូរណាស់មកហើយ វាក៏មានការគាំទ្រពីវិទ្យាសាស្រ្តផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំប្រភេទ Manuka មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីក្នុងក្រពះ Helicobacter Pylori ផងដែរ។ ចូរញ៉ាំទឹកឃ្មុំផ្អែមៗមួយស្លាបព្រាបាយ ឬលាយជាមួយទឹកខ្ញីបន្តិចដើម្បីបំបាត់បញ្ហាក្រពះមិនកិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង