ល្ពៅ ជាបន្លែដ៏ពេញនិយមបំផុតមួយដោយសាររសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែម និងបែបអាហារផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានផ្លែល្ពៅ ៖
១. ជួយអោយស្រកទម្ងន់
ល្ពៅ ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយពន្យឺតការរំលាយអាហារធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសសៃនៃល្ពៅ ក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។លើសពីនេះទៅទៀត ល្ពៅ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិល និងសារធាតុរាវដែលលើសចេញពីរាងកាយ កាត់បន្ថយការហើម។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ល្ពៅ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងៗលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ល្ពៅ ក៏ជាប្រភពនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរ។
៣. បង្កើនសុខភាពស្បែក
ល្ពៅ ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ល្ពៅ ក៏មានផ្ទុកវីតាមីន C និង E ដែលជម្រុញបង្កើនការផលិតកូឡែជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុ beta-carotene នៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយ ហើយជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទឿត គ្រាប់នៃផ្លែល្ពៅមានសមាសធាតុ phytoestrogens និងជាតិសសៃខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ។
៥. អាហារដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ
ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃគភ៌ និងរក្សាសុខភាពស្ត្រីជាម្ដាយ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិខ្លាញ់សុខភាពល្អ, កាបូអ៊ីដ្រាត, វីតាមីន A, វីតាមីន B1, វីតាមីន C, កាល់ស្យូម, ផូស្វ័រ និងជាតិដែក៕