ជំងឺមហារីក ជាបញ្ហាសុខភាពដ៏គួរអោយព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការងាយៗច្រើនណាស់ដែលអ្នកគួរអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជា ការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក ៖
១. ការ៉ុត
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មទប់ស្កាត់ជំងឺមហារីកដោយកម្ចាត់រ៉ាឌីកាល់សេរី ហើយជួយការពាររាល់ភ្នាសកោសិកាក្នុងរាងកាយពីផលប៉ះពាល់នៃជាតិពុលផ្សេងៗ។
២. ខ្ញី
ខ្ញីជួយពន្យឺតការលូតលាស់នៃកោសិកាមហារីកដោយសារតែលក្ខណៈសម្បត្តិប្រឆាំងការរលាកដ៏មានឥទ្ធិពលរបស់វា។
៣. ខ្ទឹមស
សមាសធាតុដែលធ្វើអោយខ្ទឹមសមានក្លិន និងរសជាតិខ្លាំងអាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការជួសជុល DNA និងបង្ខំអោយកោសិកាមហារីកងាប់។ លើសពីនេះទៅទៀត ខ្ទឹមសក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយរក្សាសុខភាពរាងកាយល្អប្រសើរ និងមានថាមពល។
៤. រមៀត
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។
៥. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃវីតាមីន, ជាតិរ៉ែ, សារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីម ដែលមានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរអោយកត់សម្គាល់។
៦. គ្រាប់ធញ្ញជាតិ
មានផ្ទុកសម្បូរទៅដោយជាតិសសៃ, អាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិរ៉ែសំខាន់ៗ ជួយរក្សាសុខភាពល្អប្រសើរជៀសផុតពីជំងឺផ្សេងៗ រួមទាំងជំងឺមហារីក។
៧. តែ
ជាប្រភពដ៏ល្អបំផុតនៃសារធាតុ polyphenolic, catechin, gallocatechin និង EGCG ដែលមានឥទ្ធិពលប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីក។ តែ ក៏មានប្រសិទ្ធិភាពកម្ចាត់ការរលាកក្នុងរាងកាយដែលជាអ្វីមួយផ្សារភ្ជាប់ទៅនឹងជំងឺជាច្រើនផងដែរ រួមទាំងជំងឺមហារីក។
៨. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
វីតាមីន C មានលក្ខណៈសម្បត្តិជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ការទទួលទានបន្លែផ្លែឈើ ឬអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C ក៏ជួយពង្រឹងភាពស៊ាំនៃរាងកាយជៀសផុតពីជំងឺផ្សេងៗជាច្រើនផងដែរ៕