បើសិនជាអ្នកកំពុងតែពិបាកក្នុងការចងចាំអ្វីមួយនោះ អ្នកប្រហែលជាគិតក្នុងចិត្តថា ខ្លួនកំពុងតែមានជំងឺភ្លេចភ្លាំងហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាមិនមែនជារឿងតែមួយគត់ដែលអ្នកត្រូវគិតជាមូលហេតុនៃការបាត់បង់ការចងចាំឡើយ ព្រោះបញ្ហានេះមានមូលហេតុរបស់វាច្រើនណាស់ ប៉ុន្តែខ្ញុំសូមណែនាំមូលហេតុ ៥យ៉ាងដែលធ្វើឲ្យបាត់បង់ការចងចាំដែរ ហើយវាទំនងជាធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលផងបើសិនជាដឹងហើយ។ 

កំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាលដ៏ស្ងៀមស្ងាត់

ការផ្លាស់ប្តូរភ្លាមៗទៅលើសមត្ថភាពគិត និងធ្វើចលនាធម្មតារបស់មនុស្សម្នាក់ភ្លាមៗច្រើនតែត្រូវបានគេគិតថា មកពីការដាច់សរសៃឈាមខួរក្បាលដែលធ្វើឲ្យស្ទះលំហូរឈាមក្នុងសរសៃឈាមធំៗក្នុងខួរក្បាល។ ជំងឺដាច់សរសៃឈាមខួរក្បាលបែប Mini Strokes ដែលកើតឡើងលើសរសៃឈាមតូចៗក៏ប្រហែលជាវិវត្តន៍ទៅជាការបាត់បង់ការចងចាំបន្តិចបន្តួចបាន។ ការប្រែប្រួលទាំងនេះអាចធ្វើឲ្យមុខងារខួរក្បាលវង្វេងវង្វាន់បន្តិចបន្តួច និងមានលក្ខណៈចាប់ពីតិចតួចរហូតដល់ធ្ងន់ធ្ងរបាន។ ធម្មតា ខួរក្បាលមនុស្សយើងត្រូវការអុកស៊ីសែនចិញ្ចឹមជាប់ ហើយរាល់ការរាំងស្ទះលំហូរឈាមទៅខួរក្បាល នឹងបន្ថយការផ្គត់ផ្គង់អុកស៊ីសែន និងជីវជាតិ ដែលជាហេតុនាំឲ្យមានការភ្លេចភ្លាំងភ្លាមៗ ព្រមទាំងជាអាការៈភ្លាមៗរបស់ជំងឺដាច់សរសៃឈាមខួរក្បាលដែរ។ 

គេងបាត់ដង្ហើម

ការគេងបាត់ដង្ហើមគឺជាជំងឺមួយដែលឈប់ដកដង្ហើមមួយភ្លេត និងញឹកញាប់នៅពេលគេងលក់ពេលយប់។ ថ្វីបើជំងឺនេះអាចព្យាបាល តែវាច្រើនតែជាប់ទាក់ទងនឹងការភ្លេចភ្លាំង និងបាត់បង់ការចងចាំច្រើន។ បើសិនជាមិនបានព្យាបាលទេ ជំងឺនេះប្រហែលជាប៉ះពាល់ដល់សមត្ថភាពចងចាំរបស់ខួរក្បាលបាន រហូតដល់អ្នកភ្លេចរបស់តូចតាចដូចជាប៊ិច ឬសោរជាដើម។ 

លេបថ្នាំច្រើនពេក

បើសិនជាអ្នកកំពុងតែលេបថ្នាំច្រើន ហើយស្រាប់តែមានអារម្មណ៍ថាបាត់បង់ការចងចាំច្រើន វាប្រហែលជាអាការៈមួយដែលអ្នកត្រូវការប្តូរថ្នាំហើយ។ ថ្នាំជាច្រើនអាចប៉ះពាល់ដល់ការចងចាំបានទាំងអស់ ដូចជា៖

  • ថ្នាំប្រឆាំងអាឡែហ្ស៊ី
  • ថ្នាំងងុយគេង
  • ថ្នាំបំបាត់ការឈឺចាប់
  • ថ្នាំប្រឆាំងការថប់អារម្មណ៍
  • ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
  • ថ្នាំជំងឺទឹកនោមផ្អែម
  • ថ្នាំបញ្ចុះកូឡេស្តេរ៉ុល

ការកង្វះជីវជាតិ

ការកង្វះវីតាមីន B12 គឺជារឿងសំខាន់សម្រាប់មុខងារសរសៃប្រសាទ ដែលអាចនាំឲ្យមានការវង្វេងវង្វាន់ បាត់បង់ការចងចាំ ឬភ្លេចភ្លាំងច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តម្រូវការវីតាមីននេះប្រចាំថ្ងៃគឺ ២.៤ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ ដែលអ្នកអាចរកបានពីអាហារធ្វើពីទឹកដោះគោ ត្រីឬសាច់។ 

ស្រ្តេស ថប់អារម្មណ៍ និងបាក់ទឹកចិត្ត

ការថប់អារម្មណ៍កម្រិតខ្ពស់អាចនាំឲ្យមិនមានការយកចិត្តទុកដាក់ និងបាត់បង់ការចងចាំ ហើយវាប្រហែលជាធ្វើឲ្យពិបាករស់នៅក្នុងជីវិត ព្រមទាំងមិនអាចគេងលក់ទៀត។ ប៉ុន្តែកាលណាអ្នកសម្រួលដល់អារម្មណ៍ស្រ្តេសនេះបាន វានឹងពង្រឹងដល់ការចងចាំវិញហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង