ស្នាមអ៊ុចខ្មៅលើស្បែកមិនត្រឹមតែជាបញ្ហាគួរអោយរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើអោយអ្នកបាត់បង់នូវភាពទាក់ទាញផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានេះ ហើយមិនចង់ទទួលយកការព្យាបាលបែបទំនើប ឬការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗដែលមានផ្ទុកសារធាតុគីមីនោះក៏កុំបារម្ភ! ក៏ព្រោះស្នាមអ៊ុចខ្មៅលើស្បែកអាចត្រូវបានដោះស្រាយតាមរយៈរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់កម្ចាត់ស្នាមអ៊ុចខ្មៅចេញពីស្បែកបានយ៉ាងឆាប់រហ័ស ៖
១. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកដំឡូងបារាំង ១ ផ្លែ រួចកិនវាឲ្យម៉ដ្ឋ ហើយបន្ថែមទឹកឃ្មុំបន្តិចចូល រួចលាបលើស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងចេញជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះអោយបាន ៣ ដង ក្នុងមួយសប្តាហ៍។ អ្នកក៏អាចប្រើប្រាស់ទឹកដំឡូងបារាំងស្រស់សុទ្ធតែម្ដងមកលាបលើស្បែកដែលមានស្នាមអ៊ុចខ្មៅ រួចទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាក៏បាន។
២. ប្រទាលកន្ទុយក្រពើ
ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ចំពោះស្បែកត្រង់ដៃជើង ឬខ្លួន អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃជាប្រចាំ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានរបួសលើស្បែកមិនគួរអនុវត្តរូបមន្តនេះឡើយ។ ហើយរូបមន្តនេះក៏មិនសាកសមសម្រាប់អ្នកដែលមានស្បែកមុខស្ដើងឆាប់ប្រតិកម្មដែរ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើស្បែកដែលទទួលរងផលប៉ះពាល់ ហើយទុកអោយស្បែកស្រូបយកជាតិប្រេងដូងអស់ជាការស្រេច។
៥. ទឹកម្នាស់ស្រស់
ប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកម្នាស់ស្រស់ រួចលាបលើស្បែកដែលទទួលរងផលប៉ះពាល់ដោយស្នាមអ៊ុចខ្មៅ ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀត ១ ស្លាបព្រា ជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរអោយសព្វចូលគ្នា សឹមលាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១ ខែ៕