មែនហើយ កាលណាមនុស្សយើងមានទម្លាប់ហាត់ប្រាណបានជាញឹកញាប់ វានឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា ស្រកទម្ងន់ បន្ថយការឈឺ និងហើមសន្លាក់ បេះដូងមានសុខភាពល្អ និងបន្ថយការបាក់ទឹកចិត្ត ឬថប់អារម្មណ៍ទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែដើម្បីអ្នករស់នៅសប្បាយចិត្ត និងជីវិតមានសុខភាពល្អ មិនមែនមានន័យថា អ្នកត្រូវហាត់ប្រាណជាប់រាល់ថ្ងៃដោយខានមិនបាននោះទេ។ ករណីខ្លះ ការហាត់ប្រាណអាចបង្កគ្រោះថ្នាក់ជាងផលល្អទៀតផង។ ម៉្យាងវិញទៀត វាគ៏ជារឿងល្អដែរ ដែលអ្នកគួរផ្អាកការហាត់ប្រាណមួយថ្ងៃពីរ ឬច្រើន ទៅតាមស្ថានភាពមួយចំនួន។ ដូច្នេះតើពេលណាខ្លះដែលអ្នកគួរតែផ្អាកការហាត់ប្រាណទៅ?

មានអារម្មណ៍មិនស្រួលខ្លួន

បើសិនជាមានការបង្ករោគ ប្រព័ន្ធភាពស៊ាំនឹងត្រូវការថាមពលទាំងអស់ក្នុងខ្លួនដើម្បីសម្លាប់មេរោគ ហើយក៏ការពារកុំឲ្យការបង្ករោគនេះធ្វើទុក្ខខ្លាំងដែរ។ ការហាត់ប្រាណត្រូវការថាមពលរាងកាយច្រើនដែរ ដូច្នេះអ្នកគួរតែរក្សាកម្លាំងទុកដើម្បីទប់ស្កាត់ការបង្ករោគនេះសិន។ អ្នកគួរតែផ្អាកការទៅហាត់ប្រាណ តែយកពេលសម្រាកឲ្យបានច្រើន ដើម្បីឆាប់ជាវិញ។ 

យល់ថាខ្លួនឯងមានរបួស

អ្នកជំនាញនិយាយថា បើសិនជាអ្នកយល់ថា សន្លាក់ ឬសាច់ដុំឈឺហើយ វាអាចនឹងធ្វើឲ្យការឈឺចាប់នោះកាន់តែខ្លាំងបើសិនជាអ្នកបន្តការហាត់ប្រាណថែមទៀត។ ដូច្នេះយកល្អគួរតែ យកពេលមួយថ្ងៃពីរសម្រាកសិនទៅ។ បើសិនជាអាចគួរតែទៅជួបពេទ្យដើម្បីពិនិត្យថា មានអ្វីខុសប្រក្រតីដែលត្រូវការព្យាបាលឬអត់។

កំពុងតែស្រវឹង

មនុស្សភាគច្រើនមានឱកាសហាត់ប្រាណតែក្នុងថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ តែបើសិនជាព្រឹកឡើងបន្ទាប់ពីជប់លៀង ធ្វើឲ្យអ្នកពិបាកភ្ញាក់ ដោយសារតែស្រវឹងខ្លាំងនោះ យកល្អគួរតែសម្រាកពីការហាត់ប្រាណសិនទៅ។ ហេតុផលនោះគឺថា ការហាត់ប្រាណអាចជំរុញឲ្យឈឺក្បាលដោយសារតែស្រវឹងកាន់តែខ្លាំងរហូតដល់ ១០០ដងឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលស្រវឹងអាចប៉ះពាល់ដល់ការធ្វើចលនារាងកាយ ដូច្នេះអ្នកប្រឈមកាន់តែខ្លាំងនឹងការមានរបួសថែមទៀត។

គេងអត់ឆ្អែត

មនុស្សគ្រប់គ្នាដឹងថា ការហាត់ប្រាណជាទៀងទាត់គឺជាវិធីព្យាបាលការគេងមិនលក់។ ប៉ុន្តែការហាត់ប្រាណខណៈពេលដែលគេងមិនបានគ្រប់ទៀត អាចបង្កផលប៉ះពាល់ជាងល្អវិញទេ ជាពិសេសពេលហាត់ប្រាណខ្លាំងក្លាពេកតែម្តង៕