កុំគិតថាអាការៈហើម និងឈឺសន្លាក់ ជាបញ្ហាដែលត្រូវប្រឈមមុខចំពោះតែមនុស្សចាស់អោយសោះ! ក៏ព្រោះតាមពិតទៅបញ្ហាសន្លាក់ ក៏នឹងអាចកើតលើមនុស្សវ័យក្មេងផងដែរ ជាពិសេសអ្នកដែលមានរបួសពាក់ព័ន្ធជាមួយការលេងកីឡា ឬហាត់ប្រាណខ្លាំងក្លា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ ទោះជាយ៉ាងណា កុំបារម្ភពេក! បញ្ហាឈឺសន្លាក់, ជំងឺរលាកសន្លាក់ ក៏ដូចជាការរលាកផ្សេងៗក្នុងរាងកាយ អាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈការទទួលទានអាហារមួយចំនួន។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវប្រភេទអាហារនៃអាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីរក្សាសុខភាពសន្លាក់ជៀសផុតពីជំងឺ ឬអាការៈរលាកផ្សេងៗ ៖

១. រមៀត

អ្នកជំនាញជាច្រើនបាននិយាយថា រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ លើសពីនេះទៅទៀត រមៀត ក៏មានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមគួរអោយកត់សម្គាល់ផងដែរ។

២. គ្រាប់ធញ្ញជាតិ

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, ខ្លាញ់ល្អ polyunsaturated និង monounsaturated ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការរលាកផ្សេងៗក្នុងរាងកាយ ហើយកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់បានយ៉ាងប្រសើរ។ ដូច្នេះដើម្បីធូរស្រាលពីអាការៈនៃជំងឺរលាកសន្លាក់ ហើយជៀសផុតពីបញ្ហានេះ ចូររួមបញ្ចូលគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ផ្កាខាត់ណាខៀវ

ប្រូខូលី ឬផ្កាខាត់ណាខៀវ មានផ្ទុកសារធាតុ sulfuric ជួយរារាំងអង់ស៊ីមដែលផ្សារភ្ជាប់ជាមួយការរលាកសន្លាក់ និងការបំផ្លាញ។

៤. ផ្លែប៉ោមក្រហម

ប៉ោមក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។

៥. ការ៉ុត

ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ វីតាមីន A ក៏មានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ការដាក់បញ្ចូលការ៉ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ជំងឺរលាកសន្លាក់មិនឲ្យកើតឡើង ឬកាត់បន្ថយអាការៈនៃជំងឺ។

៦. ម្នាស់

បរិមាណនៃវីតាមីន C និងសារធាតុ bromelain ក៏ជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង បន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរជ្រើសរើសទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ដែលស្រស់៕