ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់គ្រាប់ឈូក ហើយបើទោះជាឧស្សាហ៍ទទួលទាន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ដឹងទេថា គ្រាប់ឈូកអាចផ្ដល់ផលល្អៗគួរអោយភ្ញាក់ផ្អើលចំពោះសុខភាពបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្រាប់ឈូកមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ រួមបញ្ចូលទាំងកាបូអ៊ីដ្រាត, កាល់ស្យូម, ទង់ដែង, ជាតិសសៃ Dietary, សារធាតុ folate, ជាតិដែក, ម៉ាញ៉េស្យូម, ម៉ង់កាណែស, ប៉ូតាស្យូម, ប្រូតេអ៊ីន និងជាតិស័ង្កសី។ គ្រាប់ឈូកអាចទទួលទានបានទាំងឆៅ និងយកទៅចម្អិនបែបស្ងោរ ឬលីង ឬធ្វើជាបង្អែម។ សម្រាប់អ្នកដែលមិនចូលចិត្តគ្រាប់ឈូក ក៏អាចនឹងប្រែជាចង់ទទួលទានគ្រាប់ឈូកដែរ ក្រោយពីអានអត្ថបទនេះរួច។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានគ្រាប់ឈូក ៖

១. សម្រាប់ជំងឺទឹកនោមផ្អែម

គ្រាប់ឈូកមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិសសៃ Dietary ខ្ពស់ដែលជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ នេះមានន័យថា អ្នកជំងឺទឹកនោមផ្អែមគួរទទួលទានគ្រាប់ឈូកចំនួនមួយក្ដាប់ដៃពេញយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។

២. សម្រាប់សុខភាពក្រពះ

ការទទួលទានអាហារកែច្នៃជាប្រចាំអាចបង្កគ្រោះថ្នាក់គួរអោយព្រួយបារម្ភចំពោះសុខភាពក្រពះ ក៏ដូចជារាងកាយទាំងមូល។ ដូច្នេះហើយទើបអ្នកគួរជៀសឆ្ងាយពីអាហារសម្រន់ប្រភេទនោះ ដោយព្យាយាមទទួលទានគ្រាប់ឈូកជំនួសវិញ។វីតាមីន និងជាតិរ៉ែដែលមានផ្ទុកក្នុងគ្រាប់ឈូកអាចព្យាបាលទប់ស្កាត់បញ្ហាក្រពះ, រាគ, អាការៈក្អួត និងពិបាករំលាយអាហារ ព្រមទាំងបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារបានយ៉ាងឆាប់រហ័ស។

៣. សម្រាប់សុខភាពមាត់ធ្មេញ

ការហូរឈាមអញ្ចាញ គឺជាបញ្ហាទូទៅបំផុតមួយនៃសុខភាពមាត់ធ្មេញ។ អ្នកអាចរួមបញ្ចូលគ្រាប់ឈូកក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជៀសផុតពីការហូរឈាមច្រើន។ ជាធម្មតាបញ្ហាហូរឈាមនេះបណ្ដាលមកពីភាពខ្សោយនៃអញ្ចាញ និងការដុសធ្មេញខ្លាំងៗពេក។ ទោះជាយ៉ាងណា លក្ខណៈសម្បិត្តព្យាបាលនៃគ្រាប់ឈូមិនត្រឹមតែបំបាត់ការហូរឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាលការរលាកអញ្ចាញផងដែរ។

៤. ផ្ដល់ថាមពលបន្ថែមភ្លាមៗ

អ្នកអាចជំនួសភេសជ្ជៈជាតិផ្អែមកែច្នៃជាមួយនឹងគ្រាប់ឈូក ដើម្បីទទួលបានថាមពលបន្ថែមភ្លាមៗ។ នោះក៏ព្រោះតែគ្រាប់ឈូកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម, ម៉ាញ៉េស្យូម, កាបូអ៊ីដ្រាត, ផូស្វ័រ និងប្រូតេអ៊ីន។

៥. ព្យាបាលដំបៅមាត់

គ្រាប់ឈូកមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលអាការៈឈឺចាប់ និងដំបៅមាត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៦. គ្រប់គ្រងសម្ពាធឈាម

អ្នកអាចរួមបញ្ចូលគ្រាប់ឈូកចំនួនមួយក្ដាប់ដៃពេញក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីរក្សាកម្រិតសម្ពាធឈាមប្រក្រតី។ គ្រាប់ឈូក ជាប្រភពដ៏ប្រសើរនៃ antispasmodic និង សារធាតុ isoquinoline alkaloids ដែលជួយពង្រឹង និងពង្រីកសសៃឈាម ព្រមទាំងកាត់បន្ថយសម្ពាធឈាមផងដែរ។

៧. សម្រាប់សុខភាពសសៃឈាមបេះដូង

គ្រាប់ឈូក ក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ, ម៉ាញ៉េស្យូម និងម៉ង់កាណែសដែលប្រសើរសម្រាប់រក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ជៀសផុតពីការបំផ្លាញផ្សេងៗ។

៨. ព្យាបាលការរលាកក្នុងរាងកាយ និងទប់ស្កាត់ការឆ្លងមេរោគ

គ្រាប់ឈូក មានលក្ខណៈសម្បត្តិព្យាបាល និងប្រឆាំងការរលាក។ នោះហើយជាមូលហេតុដែលការទទួលទានគ្រាប់ឈូកជួយព្យាបាលពន្លឿនការជាសះស្បើយនៃមុខរបួស និងទប់ស្កាត់ការឆ្លងមេរោគក្នុងតំបន់ដែលទទួលរងផលប៉ះពាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង