ស្បែកទ្រូង គឺងាយនឹងជួបប្រទះបញ្ហាផ្សេងៗដូចស្បែកមុខដែរ ប៉ុន្តែស្ត្រីភាគច្រើនមិនសូវចាប់អារម្មណ៍យកចិត្តទុកដាក់លើវាឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កង្វះជាតិសំណើម ព្រមជាមួយការប៉ះពាល់ទៅនឹងសារធាតុគីមីនៃផលិតផលសម្រស់ផ្សេងៗ ក៏ដូចជាពន្លឺព្រះអាទិត្យបង្កបញ្ហាស្នាមជ្រីវជ្រួញលើស្បែកទ្រូងលេចឡើងយ៉ាងឆាប់រហ័សដែលបណ្ដាលអោយអ្នកបាត់បង់ភាពទាក់ទាញ។ ទោះជាយ៉ាងណា កុំបារម្ភ! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងលឿនជាមួយគន្លឹះមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់បញ្ហាស្នាមជ្រួញលើទ្រូង ៖
១. គេងផ្ងារ
ការគេងផ្អៀង ឬការគេងផ្កាប់ ជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាស្នាមជ្រួញ និងស្នាមផ្នត់លើស្បែក។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះកើតឡើង ចូរព្យាយាមគេងផ្ងារជាប្រចាំ។ ការគេងផ្ងារក៏ជួយទប់ស្កាត់បញ្ហាសុដន់យារធ្លាក់ផងដែរ។
២. លាបជែលប្រទាលកន្ទុយក្រពើលើទ្រូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់លើស្បែកទ្រូងសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ វិធីនេះជួយផ្ដល់សំណើមដល់ស្បែកទប់ស្កាត់បញ្ហាស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។
៣. កុំបណ្ដោយអោយទឹកក្ដៅប៉ះលើស្បែកទ្រូងនៅពេលងូតទឹក
ទឹកក្ដៅមានប្រសិទ្ធិភាពជម្រះជាតិប្រេងធម្មជាតិនៃស្បែកដែលបណ្ដាលអោយស្បែកស្ងួតឆាប់លេចឡើងនូវស្នាមជ្រីវជ្រួញ។ ដូច្នេះដើម្បីជាការប្រសើរ នៅពេលអ្នកងូតទឹកក្ដៅ ចូរងូតតែលើក្បាល, ស្មា និងខ្នង ជាដើមបានហើយ ដោយជៀសវាងតំបន់ទ្រូង។
៤. ពាក់អាវទ្រនាប់ដែលត្រូវទំហំមិនតឹង ឬរឹប
ការពាក់អាវទ្រនាប់រឹប ឬតឹងខ្លាំងងាយនឹងបណ្ដាលអោយស្បែកទ្រូងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទំហំអាវទ្រនាប់សមល្មមក៏ជួយអោយស្បែកទ្រូងមិនទទួលរងនូវទំនាញដោយសុដន់របស់អ្នកស្ថិតក្នុងទីតាំងធម្មជាតិ។ នេះមានន័យថាស្បែកទ្រូងនឹងប្រែជារលោងជាងមុន ហើយមើលទៅមិនសូវឃើញស្នាមជ្រីវជ្រួញ។
៥. ម៉ាស្សាទ្រូង
ការម៉ាស្សាលើទ្រូងជួយរំញោចចរន្តឈាមហូរផ្ដល់អោយស្បែកនូវអុកស៊ីសែនគ្រប់គ្រាន់ និងទប់ស្កាត់ការលេចឡើងនូវសញ្ញាផ្សេងៗនៃភាពចាស់តាមវ័យ រួមបញ្ចូលទាំងស្នាមជ្រីវជ្រួញ។ ប្រើប្រាស់គ្រីមផ្ដល់សំណើមដាក់លើម្រាមដៃ ហើយចាប់ផ្ដើមម៉ាស្សាលើតំបន់ទ្រូង និងជុំវិញសុដន់ថ្នមៗក្នុងចលនាបែបរង្វង់។
៦. កុំភ្លេចលាបឡេការពារកម្ដៅព្រះអាទិត្យ
ការប៉ះផ្ទាល់ទៅនឹងកម្ដៅព្រះអាទិត្យច្រើនពេកបង្កការបំផ្លាញ និងបញ្ហាជាច្រើនដល់ស្បែក រួមទាំងការលេចឡើងនូវស្នាមជ្រីវជ្រួញលើទ្រូង។ ដូច្នេះដើម្បីជាការប្រសើរ មុននឹងចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ ចូរលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ខ្ពស់ជាង ៣០៕