ការគេងមិនគ្រប់ពី ៧ ទៅ៩ម៉ោងក្នុងមួយប់ អាចជាបញ្ហាដែលនាំឲ្យអ្នកជួបអាការៈងងុយគេងនៅពេលថ្ងៃ គិតអ្វីមិនចេញ និងអារម្មណ៍មិនល្អ ហើយយូរៗទៅ វាអាចនាំឲ្យលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ធាត់ជ្រុល ថប់អារម្មណ៍ និងបាក់ទឹកចិត្តបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីទម្លាប់ល្អៗដែលអាចជួយឲ្យអ្នកគេងលក់កាន់តែស្រួល៖
ចូលគេងឲ្យទៀងពេលរាល់យប់
ដើម្បីអាចគេងលក់ស្រួលរាល់យប់បាន អ្នកត្រូវតែមានទម្លាប់ចូលគេងទៀងម៉ោង។ អ្នកក៏ត្រូវតែភ្ញាក់ឲ្យទៀងម៉ោងដែរ ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ។ ការផ្លាស់ប្តូរទម្លាប់គេងប្តេសផ្តាស់ អាចរំខានដល់ម៉ោងគេងរបស់រាងកាយ និងធ្វើឲ្យគេងមិនលក់បាន។
បំបាត់ឲ្យអស់នូវគ្រឿងអេឡិចត្រូនិចនៅបន្ទប់គេង
ការសិក្សាមយយចំនួនបានបង្ហាញថា ពន្លឺដែលចេញពីកញ្ចក់ទូរស័ព្ទដៃ ឡេបថប់ ទូរទស្សន៍ និងនាឡិការឌីជីថល អាចរំខានដល់ការគេងបាន តាមរយៈការទប់ស្កាត់ការផលិតអ័រម៉ូម Melatonin ដែលធ្វើឲ្យងងុយគេង។ បើសិនជាបង្អួចអ្នកមានចាំងភ្លើងតាមផ្លូវ ចូរគិតគូរប្រើប្រាស់វ៉ាំងននបាំងឲ្យជិតទៅ។
ចៀសវាងការញ៉ាំអ្វីដែលមានជាតិកាហ្វេអ៊ីន
វាមិនមែនជាអាថ៌កំបាំងឡើយដែលថា កាហ្វេមានជាតិកាហ្វេអ៊ីននោះ។ ភេសជ្ជៈផ្សេងៗទៀតដែលមានជាតិកាហ្វេអ៊ីនដែរដូចជា ភេសជ្ជៈកំប៉ុង តែខ្មៅ និងភេសជ្ជៈប៉ូវកម្លាំង គួរតែចៀសវាងដែរមុនពេលចូលគេងប៉ុន្មានពីរបីម៉ោង ព្រោះវានឹងមិនធ្វើឲ្យអ្នកងងុយគេងបាន។ បើសិនជាអ្នកចង់ញ៉ាំ ចូរញ៉ាំវាមុនគេងយ៉ាងហោចណាស់ ៦ម៉ោងអីបានហើយ។
គេងថ្ងៃឲ្យបានត្រឹមត្រូវ
ទោះបីជាអ្នកដែលគេងលក់ស្កប់ស្កល់នៅពេលយប់រាល់យប់ក៏ប្រហែលជាមានអារម្មណ៍ងងុយគឲគេងនៅពេលថ្ងៃទៀតដែរ។ វាពិតជាមិនអីឡើយ ក្នុងការគេងថ្ងៃមួយស្របក់នោះ។ ប៉ុន្តែចូរប្រាកដថា មិនត្រូវគេងឲ្យលើស ៣០នាទីឡើយ ព្រោះការគេងច្រើនពេក វានឹងមិនល្អសម្រាប់ការគេងនៅពេលយប់វិញឡើយ។ ពេលវេលាគេងថ្ងៃដ៏ល្អនោះគួរតែចន្លោះម៉ោង ២ ទៅ ៣រសៀល។
ហាត់ប្រាណជាទៀងទាត់
យើងដឹងហើយថា ការហាត់ប្រាណរាល់ថ្ងៃ គឺជារឿងល្អបំផុតសម្រាប់ការពារការឡើងទម្ងន់។ តែវាក៏ជួយបំបាត់ការគេងមិនលក់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាជាច្រើនបានឲ្យដឹងថា អ្នកដែលឧស្សាហ៍ហាត់ប្រាណជាប្រចាំ នឹងរក្សាបាននូវទម្លាប់គេងលក់ស្រួលនៅពេលយប់វិញបាន៕