មានថ្នាំច្រើនណាស់ដែលអាចព្យាបាលការក្អកមានស្លេស្មនេះបាន។ ប៉ុន្តែអ្នកត្រូវចាំថា រាល់ថ្នាំទាំងអស់ដែលដាក់លក់នៅលើទីផ្សា សុទ្ធតែមានផលរំខានរបស់វាទាំងអស់ដូចជា ឈឺក្បាល វិលមុខ ចង្អោ ក្អួត និងរាករូសជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកខ្លះទៀតប្រហែលជាចេញជាកន្ទួលរមាស់លើស្បែកក្រោយពីប្រើថ្នាំនេះរួច។ ដូច្នេះក្នុងករណីមិនចាំបាច់ យកល្អគួរតែចៀសវាងការប្រើថ្នាំ ហើយងាកមកប្រើវិធីធម្មជាតិសិនទៅដូចជា៖
ស្ទីម
ការស្រូបផ្សែងកម្តៅអាចជួយពង្រាវស្លេស្មនៅក្នុងបំពង់កបាន ដូច្នេះអ្នកជំងឺនឹងងាយខាកវាចេញផងដែរ។ អ្នកគ្រាន់តែដាក់មុខនៅពីលើចានទឹក ឬកែវទឹកដែលក្តៅៗដើម្បីស្រូបចំហាយទឹកនោះគឺជាការស្រេចហើយ។
ងូតទឹកក្តៅឧណ្ហៗ
មធ្យោបាយផ្សេងមួយទៀតក្នុងការពង្រាវស្លេស្មនោះគឺ ការងូតទឹកក្តៅឧណ្ហៗដែលមានចំហាយទឹក។ អ្នកដែលក្អកមានស្លេស្មគួរតែងូតទឹកប្រភេទនេះយ៉ាងហោចណាស់ ៥នាទីដែរ។
ទឹក
ការញ៉ាំទឹកយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃគឺជារឿងដែលត្រូវធ្វើ ព្រោះវាមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនល្អទេ ថែមទាំងជួយបំបាត់ស្លេស្មជាប់ករខ្លាំងទៀតផង។
តែខ្ញី
តែខ្ញីត្រូវបានគេដឹងថា ជាវិធីព្យាបាលបញ្ហាក្រពះពោះវៀនដ៏ល្អចាប់ពី ការច្រាលអាស៊ីតក្រពះរហូតដល់រាករូស។ ការញ៉ាំតែខ្ញីពីរបីពែងក៏ជួយសម្រួលដល់ការមានស្លេស្មជាប់បំពង់ករដែរ។ នេះដោយសារតែវាមានសារធាតុអង់ទីអុកស៊ីដង់ និងប្រឆាំងនឹងការរលាកជាមួយគ្នា។
យកល្អគួរតែព្យាយាមញ៉ាំទឹកឃ្មុំសុទ្ធមួយស្លាបព្រាទៅមួយស្លាបបាយកន្លះមុនគេងប្រហែលកន្លះម៉ោង ដើម្បីជំរុញដល់ការគេងលក់កាន់តែស្រួល។ វិធីនេះក៏មានប្រសិទ្ធភាពល្អចំពោះការក្អកស្លេស្មទាំងក្មេង និងមនុស្សធំដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការក្អកមានស្លេស្មនេះមិនព្រមបាត់ទៅវិញនៅរយៈពេលមួយទៅពីរសប្តាហ៍ក្រោយ ឬកាន់តែធ្ងន់ធ្ងរទៅៗ ចូរប្រាកដថាអ្នកបានទៅជួបគ្រូពេទ្យដើម្បីព្យាបាល។ រឿងនេះគួរតែធ្វើបើសិនជាអ្នកមានអាការៈបន្ថែមជាមួយដូចជា ក្តៅខ្លួន គ្រុន ពិបាកដកដង្ហើម ដកដង្ហើមលឺដូចហួច ពិបាកលេបអាហារ និងស្លេស្មនោះមើលទៅដូចជាឈាម ឬពណ៌ក្រមៅ៕