មនុស្សគ្រប់គ្នាគិតថា អ្នកស្គមៗគឺមានសុខភាពល្អ ហើយអ្នកធាត់ៗច្រើនតែមានជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមជាដើម។ ប៉ុន្តែតើអ្នកមានដឹងទេថា ទោះបីជាមនុស្សយើងស្គម ឬមានទម្ងន់ធម្មតាក៏ដោយ ក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ ហើយអ្នកខ្លះក៏បានកើតវារួចទៅហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាមិនមែនជាអ្វីដែលត្រូវភ្ញាក់ផ្អើលខ្លាំងឡើយ ដោយសារតែកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ មិនមែនមានតែការធាត់ជ្រុលតែមួយមុខឡើយ តែវាមានរឿងច្រើនទៀតដែលអ្នកត្រូវទប់ស្កាត់ដែរ បើសិនជាមិនចង់ឲ្យកើតជំងឺនេះនៅថ្ងៃក្រោយ។ អ្នកជំនាញជាច្រើននិយាយថា ហេតុផលដែលមនុស្សធាត់ៗអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែ ជាតិខ្លាញ់ជាច្រើនក្នុងរាងកាយអាចមានឥទ្ធិពលមិនល្អទៅលើរបៀបដែលកោសិកាឆ្លើយតបនឹងអាំងស៊ុយលីនក្នុងចរន្តឈាម។ ម៉្យាងទៀត ការធាត់ ឬធាត់ជ្រុលអាចធ្វើឲ្យកោសិកាមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន។ ដូច្នេះកាលណា អាំងស៊ុយលីនមិនអាចធ្វើការបាន នោះជាតិស្ករក៏មិនអាចចូលទៅក្នុងកោសិកាបាន រហូតដល់លើសជាតិស្ករក្នុងឈាមទៅជាជំងឺទឹកនោមផ្អែមតែម្តង។
មានហេតុផលមួយចំនួនតូចដែលគាំទ្រដល់មូលហេតុមនុស្សស្គមកើតជំងឺតឹកនោមផ្អែម ប៉ុន្តែមិនមែនដោយសារតែអាំងស៊ុយលីនធ្វើការមិនកើតដូចខាងលើឡើយ។ ទីមួយ ដោយសារទេខ្លាញ់ក្រោមស្បែក។ មនុស្សម្នាក់ប្រហែលជាមើលទៅស្គម ប៉ុន្តែគេមានខ្លាញ់ច្រើន ជាពិសេសតំបន់ចង្កេះ ដែលជាហេតុផលមួយគ្រប់គ្រាន់នាំឲ្យអាំងស៊ុយលីនធ្វើការមិនបាន។ ទី២ អ្នកប្រហែលជាមានសមាជិកគ្រួសារត្រូវបានគ្រូពេទ្យរកឃើញមានជំងឺទឹកនោមផ្អែមប្រភេទទី២ ដូច្នេះអ្នកនឹងមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺនេះដែរ ទោះបីជាស្គមក៏ដោយ។ ទី៣ បើសិនជាអ្នកជក់បារី អ្នកទំនងជាងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២នៅថ្ងៃណាមួយ ទោះបីជាមិនធាត់ក៏ដោយ។ ចាប់តាំងពីជាតិនីកូទីនក្នុងបារីជាសារធាតុភ្ញោច ហើយជក់បារីធ្វើឲ្យទប់ស្កាត់ការឃ្លាន ដូច្នេះ អ្នកជក់បារីភាគច្រើនតែស្គម។ យ៉ាងណាមិញ ការជក់បារីគឺជាកត្តាប្រឈមមុខមួយរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ស្រាប់ហើយ។ ទី៤ ការរស់នៅប្រកបដោយភាពជោគជ័យក្នុងជីវិត ក៏អាចធ្វើឲ្យអ្នកមិនងាយធាត់បានដែរ ជាពិសេសអ្នកច្រើនតែមិនសូវមានពេលញ៉ាំអាហារ ដោយសារតែត្រូវទទួលខុសត្រូវរឿងការងារប្រចាំថ្ងៃជាប់។ ប៉ុន្តែភាពស្រ្តេស គឺជារឿងដែលអាចនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយក៏ងាយនឹងកើតជំងឺទឹកនោមផ្អែមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សរុបសេចក្តីមក អ្នកនៅតែអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដដែលទោះបីជាមិនមែនជាមនុស្សធាត់ក៏ដោយ។ ការដែលមានរាងស្គមមិនមែនមានន័យថា អ្នកត្រូវលែងខ្វល់ពីជំងឺទឹកនោមផ្អែមនោះទេបើសិនជាអ្នកនៅតែជាអ្នកជក់បារី ស្រ្តេសច្រើន ឬមានហ្សែនជំងឺនេះហើយ៕