ខ្លាញ់ក្បាលពោះ ជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើនរណាទៅមិនចង់បានរាងស្លីមស្អាតនោះ? ហើយអ្នកកំពុងស្វែងរកវិធីសាស្ត្រសម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្បាលពោះបែបងាយៗ ហើយទទួលបានលទ្ធផលឆាប់រហ័សមែនទេ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តតាមគន្លឹះមួយចំនួនដែលវេបសាយសុខភាព Health.com.kh បង្ហាញជូនខាងក្រោមនេះ ៖
១. តែខ្ញី
ប្រសិនបើអ្នកកំពុងព្យាយាមសម្រកខ្លាញ់ក្បាលពោះ ចូរបន្ថែមតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ខ្ញី ជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់ កុំភ្លេចទទួលទានតែខ្ញីរាល់ថ្ងៃ។
២. លំហាត់ប្រាណ
អ្នកមិនអាចស្រកខ្លាញ់ក្បាលពោះបានឆាប់រហ័សឡើយ ប្រសិនបើអ្នកមិនធ្វើសកម្មភាពរាងកាយអ្វីសោះ។ លំហាត់ប្រាណស្រាលៗដូចជាការដើរ ជិះកង់ រត់ ឬឡើងជណ្ដើរត្រឹមពី ១០ ទៅ ១៥ នាទីក៏ជួយរាងកាយដុតបំផ្លាញគួរអោយកត់សម្គាល់ផងដែរ។
៣. ខ្ទឹមស
តើអ្នកធ្លាប់ដឹងទេថាខ្ទឹមសមានប្រយោជន៍ណាស់ក្នុងការដុតបំផ្លាញខ្លាញ់ក្បាលពោះ? ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងភាពធាត់ជ្រុលកម្ចាត់ជាតិខ្លាញ់ដែលតោងជាប់នឹងរាងកាយ។ លើសពីនេះទៅទៀត ការទទួលទានខ្ទឹមសក៏ជួយបញ្ចុះសម្ពាធឈាមកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ជំងឺលើសឈាម និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ អ្នកអាចបន្ថែមខ្ទឹមសក្នុងអាហារ ឬទំពារខ្ទឹមសមួយកំពឹសរាល់ព្រឹក ប្រសិនបើអ្នកមិនចាញ់ក្លិន និងរសជាតិរបស់
វា។
៤. កាត់បន្ថយការទទួលទានអាហារផ្អែម
ការទទួលទានអាហារផ្អែម ឬអាហារមានផ្ទុកជាតិស្ករកែច្នៃច្រើនជាមូលហេតុចម្បងបំផុតនៃបញ្ហាកើនខ្លាញ់ក្បាលពោះ។ ដូច្នេះប្រសិនបើអ្នកចង់សម្រកខ្លាញ់ក្បាលពោះឆាប់រហ័ស នោះការកាត់បន្ថយអាហារប្រភេទនេះ គឺសំខាន់ណាស់។
៥. ទឹកក្រូចឆ្មារ
ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលពោះទទេរ គឺជាវិធីដ៏ងាយ ហើយប្រសើរបំផុតមួយជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំនួនចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចបន្ថែមអំបិលបន្តិច។ បន្តការទទួលទានរាល់ព្រឹកដើម្បីបង្កើនការដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់មិនល្អក្នុងរាងកាយ៕