ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានបន្លែ និងផ្លែឈើច្រើនជាងអាហារដទៃ គឺល្អប្រសើរណាស់ចំពោះសុខភាព ខណៈដែលបន្លែផ្លែឈើជាប្រភពដ៏អស្ចារ្យនៃវីតាមីន, ជាតិរ៉ែ រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដែលរាងកាយត្រូវការ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ទោះជាយ៉ាងណា អ្នកគួរទទួលទានបន្លែផ្លែឈើដែលមានពណ៌ក្រហមឱ្យបានច្រើនជាង ក៏ព្រោះវាមានផ្ទុកនូវសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺមហារីក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពដែលអ្នកអាចទទួល បន្ទាប់ពីទទួលទានបន្លែផ្លែឈើពណ៌ក្រហមជាប្រចាំ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
អាហារពណ៌ក្រហម រួមបញ្ចូលទាំង ផ្លែទទឹម, ប៉ោម, ស្ត្របឺរី, ឆៃថាវក្រហម, ម្ទេសប្លោក, ប៉េងប៉ោះ និងឪឡឹកជាដើម មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម tannins, សារធាតុ anthocyanins, quercetin, ជាតិសសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង។
២. ពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ
បន្លែផ្លែឈើពណ៌ក្រហមក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រយុទ្ធប្រឆាំងការឆ្លងមេរោគផ្សេងៗ។
៣. កាត់បន្ថយការរលាកសន្លាក់
បន្លែផ្លែឈើពណ៌ក្រហមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយដោះស្រាយទប់ស្កាត់អាការៈរឹង និងឈឺចាប់សន្លាក់គួរអោយកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារពណ៌ក្រហមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីជៀសផុតពីបញ្ហាសន្លាក់។ លើសពីនេះទៅទៀត លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃបន្លែផ្លែឈើពណ៌ក្រហមក៏ជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងទៀតដែលទាក់ទងនឹងការរលាកក្នុងរាងកាយដូចជា ជំងឺហឺត, ជំងឺទឹកនោមផ្អែម, ជំងឺមហារីក ព្រមទាំងជំងឺបេះដូង។
៤. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
នោះក៏ព្រោះបន្លែផ្លែឈើពណ៌ក្រហមមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹកដែលជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ អាហារពណ៌ក្រហមក៏ជួយបង្កើនចលនាពោះវៀនទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងប្រសើរ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
តើអ្វីទៀតទៅដែលអ្នកអាចទទួលបានពីការទទួលទានអាហារដែលមានពណ៌ក្រហម? ចម្លើយនោះ គឺជៀសផុតពីហានិភ័យនៃជំងឺមហារីកពោះវៀនធំ ដោយសារធាតុ anthocyanins ដែលមានវត្តមានក្នុងបន្លែផ្លែឈើពណ៌ក្រហមផ្ដល់ឥទ្ធិពលយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកប្រភេទនេះ៕