មួយក្នុងចំណោមភាពភ៏យខ្លាចដ៏ធំបំផុតរបស់ឪពុកម្ដាយគ្រប់រូប គឺមានអ្វីមួយខុសប្រក្រតីកើតឡើងចំពោះកូនរបស់ពួកគេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយ ក្មេងៗភាគច្រើនលូតលាស់ និងធំធាត់ឡើងក្នុងរបៀបធម្មតាគ្មានអ្វីគួរឱ្យបារម្ភពេកឡើយ។ ការស្លន់ស្លោមិនអាចជួយដោះស្រាយបញ្ហាអ្វីបានល្អនោះទេ ដូច្នេះអ្វីដែលឪពុកម្ដាយត្រូវធ្វើ គឺព្យាយាមតាំងអារម្មណ៍ រក្សាភាពស្ងប់ស្ងាត់ ហើយយល់ដឹងពីរឿងចាំបាច់មួយចំនួនទាក់ទងនឹងសុខភាពរបស់កូន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីចំណុចដ៏សំខាន់បំផុតចំនួន ៥ អំពីសុខភាពរបស់កុមារដែលឪពុកម្ដាយគ្រប់រូបគួរដឹង ៖

១. កុំចេញវេជ្ជបញ្ជាថ្នាំដោយខ្លួនឯង

គ្មានស្ថានភាពណាមួយដែលអ្នកអាចផ្ដល់ថ្នាំឱ្យកូនទទួលទានដោយគ្មានវេជ្ជបញ្ជាឡើយ។ ការប្រើប្រាស់ ឬទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យអាចបង្កផលអាក្រក់ច្រើនជាងល្អ។ ដូច្នេះដើម្បីជាការប្រសើរចំពោះសុខភាពរបស់ក្មេង នៅពេលមានបញ្ហាមិនប្រក្រតីគួរឱ្យព្រួយបារម្ភណាមួយកើតឡើង ចូរនាំពួកគេទៅជួបពិនិត្យជាមួយគ្រូពេទ្យ។

២. បង្កើនប្រព័ន្ធភាពស៊ាំរាងកាយ

ដើម្បីប្រាកដថាកុមារលូតលាស់ធំធាត់ដោយសុខភាពល្អ ហើយអាចប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗមិនងាយនឹងកើតជំងឺផ្សេងៗបាន អ្នកគួរបង្កើតស្ថានភាពដ៏សមស្របបំផុតសម្រាប់ការជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេ។ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺ ៖

– ព្យាយាមបន្តបំបៅដោះកូនរហូតដល់គេមានអាយុយ៉ាងតិចណាស់ ៦ ខែ

– ចេញដើរនៅខាងក្រៅរាល់ថ្ងៃ

– ជៀសឱ្យផុតពីកង្វះសកម្មភាពរាងកាយ

– ត្រូវប្រាកដថាក្មេងគេងបានស្រួល និងគ្រប់គ្រាន់។

៣. ត្រូវមានភាពអត់ធ្មត់

បញ្ហាសុខភាពរបស់កុមារមួយចំនួនដែលឪពុកម្ដាយត្រូវប្រឈមមុខជាមួយអាចនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលដែលក្មេងធំធាត់ឡើង។ ឧទាហរណ៍ អាការៈឈឺពោះ, បញ្ហាពិបាករំលាយអាហារ ឬចាញ់អាហារ។

៤. កុំធ្វេសប្រហែសចំពោះការចាក់វ៉ាក់សាំង

ការវ៉ាក់សាំងជួយទប់ស្កាត់ជំងឺធ្ងន់ធ្ងរផ្សេងៗមិនឱ្យកើតមានចំពោះក្មេង។ គ្មានគ្រូពេទ្យ ឬវេជ្ជបណ្ឌិតណាមួយណែនាំមិនឱ្យឪពុកម្ដាយនាំកូនទៅចាក់វ៉ាក់សាំងឡើយ។

៥. ចងចាំរោគសញ្ញានានា

ជួនកាលទោះបីជាកុមារទទួលបានការថែទាំល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែឈឺ។ នេះ គឺជារឿងធម្មតាពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំរបស់កុមារ។ ប៉ុន្តែឪពុកម្ដាយគ្រប់រូបគួរដឹង និងយកចិត្តទុកដាក់លើរាល់រោគសញ្ញា ឬអាការៈនៃជំងឺ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។ ឧទាហរណ៍ដូចជា ៖

– ជំងឺរលាកសួតលើកុមារ រោគសញ្ញារូួមមាន ពិបាកដកដង្ហើម, ភាពប្រែប្រួលនៃពណ៌ស្បែក, បាត់បង់ចំណង់អាហារ, ថប់បារម្ភ និងក្ដៅខ្លួន (អាចលេចឡើងចុងក្រោយបង្អស់)។

– ជំងឺរលាកទងសួត រោគសញ្ញារួមមាន ក្ដៅខ្លួន, ពិបាកដកដង្ហើម, ក្អក, ខ្សោយ, បាត់បង់ចំណង់អាហារ, ឈឺក្បាល, បែកញើសខុសប្រក្រតី និងភាពប្រែប្រួលពណ៌នៃស្បែក។

*ចំណុចបន្ថែម ៖ ភាសាកាយវិការរបស់ក្មេងតូច

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា វាពិតជាសំខាន់ណាស់ដែលឪពុកម្ដាយគ្រប់រូបយកចិត្តទុកដាក់ទៅលើភាសាកាយវិការរបស់កូនតូច។ ថ្វីត្បិតតែទារកមិនអាចនិយាយបាន ប៉ុន្តែពួកគេនៅតែអាចធ្វើការប្រាស្រ័យទាក់ទងតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ឧទាហរណ៍ នៅពេលពួកគេឃ្លាន ពួកគេតែងតែប្រឹងដែលធ្វើឱ្យក្ដាប់ដៃ។ ហើយប្រសិនបើដៃរបស់ពួកគេលាវិញ នោះគឺគ្មានអ្វីគួរឱ្យបារម្ភឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង