បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើលំហាត់ប្រាណជាប្រចាំ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗដែលគម្រាមកំហែងដល់អាយុជីវិត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើន ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ ៖

១. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថា អ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។

២. ផ្លែប៉ោម

ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។

៣. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន, ជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងជាតិខ្លាញ់ល្អៗដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូងល្អរឹងមាំ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៤. ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, អូមេហ្គា ៣ DHA និង EPA ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា, ត្រីសាឌីន, ត្រី mackerel ជាដើម ក៏ល្អសម្រាប់សុខភាពមនុស្សដែរ។

៥. សណ្ដែកខ្មៅ

សណ្ដែកនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ, ម៉ាញ៉េស្យូម, វីតាមីន B និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម រួមទាំងកម្រិតនៃជាតិកូឡេស្តេរ៉ូល ទប់ស្កាត់បញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។ សណ្ដែកខ្មៅគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះ​ប្រសិនបើអ្នកទទួលទានសណ្ដែកនេះជាប្រចាំនោះអ្នកនឹងអាចរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ហើយជៀសផុតពីជំងឺផ្សេងៗដែលបង្កឡើងដោយសារជាតិកូឡេស្តេរ៉ូលមិនល្អជាមិនខាន។

៦. ផ្លែទម្លាប់

សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។

៧. ផ្លែបឺរ

ផ្លែបឺរ គឺជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពសសៃឈាម និងបេះដូងផងដែរ។ ផ្លែបឺរ​ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម ចូរព្យាយាមទទួលទានផ្លែបឺររាល់ថ្ងៃជាប្រចាំ។

៨. បន្លែ 

បន្លែគ្រប់ប្រភេទ គឺមានផ្ទុកសារធាតុចិញ្ចឹម, វីតាមីន និងជាតិរ៉ែចាំបាច់ ដែលជួយរក្សាសុខភាពបេះដូងល្អប្រសើរ។ ប៉ុន្តែបន្លែពិសេសមួយចំនួនដូចជា ការ៉ុត, ប៉េងប៉ោះ, ផ្កាខាត់ណាខៀវ មានផ្ទុកសម្បូរទៅដោយវីតាមីន A, B និង C ព្រមទាំងសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងស្ទះសសៃឈាមបេះដូង៕