គ្មានអ្វីឡើយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងការគេងពេលយប់ដ៏សុខស្រួលនោះឡើយ។ យ៉ាងណាមិញ ការភ្ញាក់ពីគេងមកស្រាប់តែមានអារម្មណ៍ស្ងួតបំពង់ករ និងឈឺចាប់ខ្លាំង អាចងាយនឹងរំខានដល់ពេលវេលាព្រឹកឡើងរបស់អ្នកបានណាស់។ ប៉ុន្តែមិនបាច់បារម្ភឡើយ ព្រោះវាគ្មានអ្វីដែលធ្ងន់ធ្ងរទេ។ យ៉ាងណាមិញ វាមានហេតុផលខុសៗគ្នាច្រើនណាស់ដែលបំពង់ករអ្នកអាចឈឺពេលភ្ញាក់ពីគេងព្រឹកឡើង ហើយក៏មានមធ្យោបាយព្យាបាលវាដោយខ្លួឯងបានដែរ។ 

មូលហេតុ

ការច្រាលអាស៊ីតក្រពះ

វាអាចជាហេតុផលដ៏ធំមួយដែលបញ្ជាក់ថា ការច្រាលអាស៊ីតក្រពះនឹងធ្វើឲ្យអ្នកឈឺបំពង់ករនៅជារៀងរាល់ព្រឹក។ ការច្រាលអាស៊ីតក្រពះនេះអាចកើតឡើងនៅពេលអ្នកកំពុងតែគេងជាច្រើនម៉ោង ហើយក៏អាចធ្វើឲ្យរលាក និងហើមបំពង់ករបានដែរ។ 

ការស្រមុក

បើសិនជាអ្នកត្រូវបានគេនិយាយថា អ្នកគេងស្រមុកលឺៗ វាក៏ទំនងជាដើមហេតុដ៏ធំមួួយនៅពីក្រោយការឈឺបំពង់ករដែរ។ ដោយសារតែ មាត់អ្នកងាយនឹងបើកនៅពេលលង់លក់សុបិន្ត បំពង់ករអាចនឹងងាយស្ងួតខ្លាំងថែមទៀត។ រឿងនេះនឹងធ្វើឲ្យមានអារម្មណ៍ឈឺនៅពេលព្រឹកជាមិនខាន។ 

ខ្សោះជាតិទឹក

ការនិយាយក៏អាចធ្វើឲ្យបំពង់ករងាយនឹងស្ងួតខ្លាំងដែរ ហើយក៏ជាដើមហេតុដ៏ញឹកញាប់មួយនៃការឈឺបំពង់ករថែមទៀតផង។ បើសិនជាអ៊ីចឹងមែន យកល្អគួរតែព្យាយាមញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ 

ការបង្ករោគនៅផ្លូវដង្ហើមខាងលើ

តើអ្នកធ្លាប់មានជំងឺផ្តាសាយដែរទេ? បើអ៊ីចឹងមែន កុំបារម្ភអីបើសិនជាអ្នកភ្ញាក់ពីគេងមកឈឺបំពង់ករទាំងព្រឹកនោះ។ អ្នកជំនាញនិយាយថា ការដែលមានប្រតិកម្មអាឡែហ្ស៊ីក៏ធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការឈឺបំពង់ករព្រឹកឡើងដែរ។ 

ការព្យាបាល

គ្រប់គ្រងការច្រាលទឹកអាស៊ីត

បើសិនជាអ្នកមានជំងឺច្រាលទឹកអាស៊ីតពីក្រពះមែន យកល្អគួរតែរកមធ្យោបាយគ្រប់គ្រងជំងឺនេះ។ ចូរទៅជួបគ្រូពេទ្យដើម្បីគាត់ព្យាបាល។ ជាមួយគ្នានេះដែរ ចូរចៀសវាងការញ៉ាំអាហារច្រើនៗមុនពេលគេង ជាពិសេសអាហារមានជាតិហិរ។ 

ញ៉ាំទឹកឲ្យបានច្រើន

ចូរប្រាកដថា រាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់តាមរយៈការញ៉ាំទឹកច្រើនៗ។ ចូរដាក់ទឹកមួយកែវនៅជិតខ្លួនផងនៅពេលអ្នកមុនគេងដើម្បីងាយស្រួលភ្ញាក់ញ៉ាំកណ្តាលយប់។ 

សម្រាកឲ្យបានច្រើន

បើសិនជាអ្នកកំពុងតែមានបញ្ហាជំងឺផ្តាសាយហើយ ចូរប្រាកដថា អ្នកសម្រាកបានគ្រប់គ្រាន់ដើម្បីបង្កើនល្បឿននៃការជាសះស្បើយ ដូច្នេះវាក៏ធ្វើឲ្យអ្នកធូរស្រាលការឈឺបំពង់ករនៅពេលព្រឹកដែរ។ តែបើសិនជារោគសញ្ញាចេះតែបន្តលើសពី ១សប្តាហ៍ ចូរពិចារណាទៅលើការពិគ្រោះជាមួយគ្រូពេទ្យវិញ៕