ពេលខ្លះ អារម្មណ៍ឈឺឈៀបៗ និងដូចម្ជុរចាក់នៅដៃឬជើងអាចរមខានដល់ជីវិតរស់នៅប្រចាំថ្ងៃបាន។ ដំណឹងល្អនោះគឺថា ករណីភាគច្រើនគឺវាមិនមានអ្វីធ្ងន់ធ្ងរទេ ហើយវាក៏បាត់ទៅវិញដោយខ្លួនឯងដែរ។ យ៉ាងណាមិញ មានឧទាហរណ៍ច្រើនណាស់ដែលថា មូលហេតុនៃការឈឺឈៀបៗនៅដៃជើងគឺជាជំងឺដូចជា ជំងឺទឹកនោមផ្អែម និងការខូចសរសៃប្រសាទជាដើម ដែលត្រូវការការព្យាបាល។ ប៉ុន្តែអត្ថបទនេះ ខ្ញុំនឹងបង្ហាញនូវវិធីព្យាបាលដោយខ្លួនឯងមួយចំនួនទៅលើការឈឺឈៀបៗនៅដៃជើង។ 

រក្សាជំហរឲ្យបានត្រឹមត្រូវ

ជាធម្មតា ការឈឺឈៀបៗនៅដៃជើងគឺបង្កឡើងដោយជំហរមិនត្រឹមត្រូវ។ ចូរប្រាកដថា រាងកាយអ្នកស្ថិតក្នុងជំហរត្រឹមត្រូវផងដោយមិនខ្វល់ថាអ្នកកំពុងតែឈរ ឬអង្គុយឡើយ។ 

បន្ថយស្រ្តេស

វាទំនងជាធ្វើឲ្យអ្នកមានអារម្មណ៍ឈឺឈៀបៗក្នុងដៃជើងបើសិនជាជីវិតប្រចាំថ្ងៃរបស់អ្នកមានភាពតានតឹងពេក។ នេះដោយសារតែ សាច់ដុំជាច្រើនក្នុងខ្លួនអ្នកតឹងពេក ហើយវាក៏ជាអ្វីដែលអាចធ្វើឲ្យឈឺឈៀបៗបែបនេះដែរ។ ដូច្នេះវិធីដែលល្អក្នុងការបន្ថយស្រ្តេសនេះ គឺហាត់យូហ្គា និងការងូតទឹកក្តៅបន្ធូរអារម្មណ៍។ 

ម៉ាស្សា

មានហេតុផលពីរយ៉ាងដែលថា ហេតុអ្វីបានជាការម៉ាស្សាអាចជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់អារម្មណ៍ឈឺឈៀបៗនៅដៃជើង។ ទីមួយ វាជួយបន្ថយស្រ្តេសដែលយើងនិយាយពីខាងលើរួចហើយ។ ទីពីរ ជួយបង្កើនរបត់ឈាមរត់ដែលធ្វើឲ្យមានការផ្គត់ផ្គង់ជីវជាតិ និងអុកស៊ីសែនគ្រប់គ្រាន់ទៅសរសៃប្រសាទ។ 

ស្អំទឹកក្តៅ

អ្នកក៏ប្រហែលជាទុកចិត្តទៅលើការស្អំទឹកក្តៅគ្រប់ពេលដែលមានអារម្មណ៍ស្ពឹកដៃជើងដែរហើយ។ វាមិនខុសគ្នានឹងការម៉ាស្សាទេ ការស្អំទឹកក្តៅនឹងជួយពង្រឹងដល់របត់ឈាមរត់។ គ្រាន់តែប្រាកដថា អ្នកជ្រើសរើសការស្អំទឹកក្តៅដែលឧណ្ហៗបានហើយ ព្រោះកាលណាក្តៅពេក អាចរលាកដល់ស្បែក និងបង្កបញ្ហាកាន់តែច្រើនថែមទៀត។ 

ញ៉ាំទឹកដោះគោ និងរមៀត

មុនពេលចូលគេង ចូរញ៉ាំទឹកដោះគោក្តៅឧណ្ហៗមួយកែវជាមួយម្សៅរមៀតមួយស្លាបព្រាកាហ្វេកូរឲ្យសប់។ ពេលនោះវានឹងជួយសម្រួលដល់ការឈឺឈៀបៗនៅដៃ និងជើងកាន់តែស្រួល។ 

ញ៉ាំអាហារសម្បូរវីតាមីន B

ចូរប្រាកដថា របបអាហារប្រចាំថ្ងៃអ្នកមានអាហារសម្បូរវីតាមីន B ផង។ នេះដោយសារតែ ជីវជាតិទាំងនេះមានសារៈសំខាន់សម្រាប់ថែរក្សាសុខភាពសរសៃប្រសាទ។ ប្រភពអាហារដ៏ល្អបំផុតមួយចំនួនរបស់វីតាមីន B មានដូចជា សាច់ក្រហម ត្រី ស៊ុត ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ។ បើសិនជាអ្នកមានអារម្មណ៍ថា អ្នកមិនទទួលបានវីតាមីនមួយនេះគ្រប់គ្រាន់ទេ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើថ្នាំបំប៉នវិញ៕