ជាញឹកញាប់ អារម្មណ៍ឈឺឆៀបៗក្នុងទ្រូង គឺដោយសារតែការប្រែប្រួលនៃអ័រម៉ូនក្នុងរាងកាយជាពិសេសកំឡុងពេលមករដូវ។ ចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកដែលជិតអស់រដូវក៏ដូចគ្នា គឺឧស្សាហ៍ជួបប្រទះអាការៈឈឺក្នុងទ្រូងជាប្រចាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីឈឺឆៀបៗ អ្នកក៏ប្រហែលជាមានអារម្មណ៍ក្រហាយ និងតឹងទ្រូងផងដែរ។ ហើយដើម្បីរក្សាតុល្យភាពអ័រម៉ូនដែលជាមូលហេតុនៃអាការៈឈឺទ្រូង មិនមែនមកពីការប្រើប្រាស់ថ្នាំ ឬបញ្ហាសុខភាពផ្សេងទៀត គឺគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ក៏ព្រោះវាអាចត្រូវបានព្យាបាលយ៉ាងងាយតាមរយៈរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗជួយបំបាត់អាការៈឈឺក្នុងទ្រូងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ទទួលទានសណ្ដែកសៀង និងអាហារធ្វើឡើងពីសណ្ដែកសៀង
ការទទួលទានសណ្ដែកសៀង និងអាហារផ្សេងៗដែលផ្សំឡើងពីសណ្ដែកសៀងដូចជា ទឹកសណ្ដែក និងតៅហ៊ូ គឺជាដំណោះស្រាយដ៏ប្រសើរបំផុតមួយសម្រាប់បញ្ហាឈឺឆៀបៗក្នុងទ្រូង។ នោះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសម្បូរទៅដោយសារធាតុ phytochemicals ដែលជួយស្ដារតុល្យភាពនៃអ័រម៉ូនបានយ៉ាងឆាប់រហ័ស។ នៅពេលអ័រម៉ូនក្នុងរាងកាយមានតុល្យភាពឡើងវិញ អាការៈឈឺក្នុងទ្រូងនឹងបាត់ទៅវិញដោយខ្លួនឯង។
២. បន្ថែមអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ
មិនត្រឹមតែជួយដោះស្រាយបញ្ហាទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែជាតិសសៃមានប្រសិទ្ធិភាពខ្ពស់គួរអោយកត់សម្គាល់ជួយកម្ចាត់អ័រម៉ូនដែលលើសចេញពីក្នុងប្រព័ន្ធរាងកាយបានយ៉ាងប្រសើរផងដែរ។
៣. កម្រិតការទទួលទានជាតិសូដ្យូម ឬអាហារប្រៃ
ការទទួលទានអាហារប្រៃ ឬមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមអាចធ្វើឱ្យរាងកាយធន់រក្សាទុកជាតិទឹកច្រើនលើស។ នេះហើយជាមូលហេតុដែលអ្នកគួរបញ្ឈប់ការទទួលទានអាហារប្រៃច្រើននៅពេលអ្នកមានអារម្មណ៍ថាឈឺក្នុងទ្រូង។
៤. ទទួលទានរមៀត
រមៀត ជួយបំបាត់អាការៈឈឺទ្រូង, ហើម និងមានអារម្មណ៍តឹងក្នុងទ្រូងបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅរមៀត ឬរមៀតក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។ អ្នកក៏អាចទទួលទានទឹករមៀតជាប្រចាំផងដែរផងដែរ ដោយលាយរមៀតប្រមាណ ២ ក្រាមក្នុងទឹកក្ដៅ ១ ពែង កូរអោយសព្វ សឹមទទួលទាននៅពេលក្ដៅឧណ្ហៗ។
៥. ទទួលទានតែបៃតង
ក្រៅពីជួយបំបាត់អាការៈចង្អោរចង់ក្អួត, ក្អួត និងពិបាករំលាយអាហារហើយនោះ តែបៃតងក៏មានប្រសិទ្ធិភាពបំបាត់អាការៈឈឺទ្រូងបានយ៉ាងប្រសើរគួរអោយកត់សម្គាល់ផងដែរ។
៦. ស្អំកម្ដៅ និងស្អំត្រជាក់
ដើម្បីកាត់បន្ថយការឈឺឆៀបៗក្នុងទ្រូង ក៏ដូចជាអាការៈអមមកជាមួយផ្សេងៗទៀត អ្វីអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែងស្អាតមួយកក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញ ហើយបត់ដាក់ស្អំលើទ្រូងរបស់អ្នក។ នៅពេលកន្សែងចុះត្រជាក់ សឹមចាប់ផ្ដើមប្ដូរស្អំជាមួយទឹកត្រជាក់ម្ដងជាការស្រេច។
ចំណុចគួរកត់សម្គាល់ ៖ ប្រសិនបើអាការៈឈឺទ្រូងមិនព្រមបាត់ទៅវិញសោះ ឬកាន់តែធ្ងន់ធ្ងរជាងមុន ទោះបីជាបានអនុវត្តរូបមន្តណាមួយខាងលើ ឬច្រើនហើយនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម៕