ការឆ្លងមេរោគផ្លូវបង្ហូរនោមមិនត្រឹមតែបង្កភាពរំខាន និងឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យមានការរលាកតម្រងនោមផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមានអាហារអ្វីដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺរលាកតម្រងនោម ឬការឆ្លងមេរោគផ្លូវបង្ហូរនោមដែរឬទេ? ច្រើនណាស់! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយទប់ស្កាត់ការឆ្លងមេរោគប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. យ៉ាអួរ
បាក់តេរីប្រូបាយអូទិកក្នុងយ៉ាងអួរមានឥទ្ធិពលជួយក្នុងការទប់ស្កាត់បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមបានយ៉ាងប្រសើរ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ការទទួលទានយ៉ាអួរយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ជួយកាត់បន្ថយហានិភ័យនៃបញ្ហាតម្រងនោមដល់ទៅ ៨០ភាគរយឯណោះ។
២. ស្ពៃក្រញ៉ាញ់
ជាប្រភពដ៏ប្រសើរនៃសារធាតុ carotenoid និង beta-carotene ដែលជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគផ្លូវបង្ហូរនោមគួរឱ្យកត់សម្គាល់។
៣. ទឹក
ការទទួលទានទឹក គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោម ដោយទឹកជួយកម្ចាត់បាក់តេរីមិនល្អដែលបង្កបញ្ហា។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាតម្រងនោម អ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។
៤. ប៊្លូបឺរី
ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយរក្សារាងកាយទាំងមូល រួមទាំងតម្រងនោមពីការឆ្លងមេរោគផ្សេងៗ ហើយរក្សាបាននូវសុខភាពល្អប្រសើរ។
5. បន្លែផ្លែឈើពណ៌ស្វាយ
អត្ថប្រយោជន៍ផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានអាហារពណ៌ស្វាយ គឺការទប់ស្កាត់បញ្ហាឆ្លងមេរោគតាមផ្លូវបង្ហូរនោមមិនឲ្យកើតមានឡើង។ នេះ គឺដោយសារតែសារធាតុ
anthocyanins ដែលមានវត្តមានក្នុងអាហារពណ៌ស្វាយ បង្ការបាក់តេរីដូចជា E.coli មិនឲ្យតោងជាប់នឹងជញ្ចាំងនៃបំពង់បង្ហូរនោម។ អ្នកកាន់តែទទួលទានអាហារពណ៌ស្វាយច្រើនប៉ុណ្ណា ភាគរយសុវត្ថិភាពជៀសឆ្ងាយពីបញ្ហាទាក់ទងនឹងផ្លូវបង្ហូរនោមកាន់តែច្រើនប៉ុននោះ។