ភាគច្រើននៃពួកយើងដឹងត្រឹមថា ទឹកខ្មេះផ្លែប៉ោម គឺប្រើប្រាស់លើអាហារដើម្បីបន្ថែមរសជាតិ ប៉ុន្តែការពិតទៅវាមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់បានគិតទៅទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ទឹកខ្មេះផ្លែប៉ោម អាចត្រូវបានគេប្រើសម្រាប់ដោះស្រាយបញ្ហាសុខភាព និងសម្រស់ បានយ៉ាងមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតនៃទឹកខ្មេះផ្លែប៉ោម ៖
១. បង្កើនការដុតរំលាយអាហារ និងជួយឱ្យស្រកទម្ងន់
ទឹកខ្មេះផ្លែប៉ោម ជាប្រភពនៃអាស៊ីតអាសេទិកដែលជួយបង្កើនការដុតរំលាយអាហារ និងជាតិខ្លាញ់ក្នុងរាងកាយដែលធ្វើឱ្យស្រកទម្ងន់បានយ៉ាងប្រសើរ។ ការទទួលទានទឹកខ្មេះផ្លែប៉ោមក៏ជួយកាត់បន្ថយការឃ្លានអាហារផ្អែមៗផងដែរ។
២. បន្សាបជាតិពុលក្នុងថ្លើម
ទឹកខ្មេះផ្លែប៉ោម ក៏អាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមបានផងដែរ ដោយវាជួយកម្ចាត់នូវជាតិពុលគ្រោះថ្នាក់ដែលបង្កឡើងក្នុងសរីរាង្គ។ ទទួលទានល្បាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ នៅរាល់ព្រឹកភ្ញាក់ពីដំណេក មុនអាហារថ្ងៃត្រង់ និងមុនអាហារពេលល្ងាច។ ល្បាយនេះនឹងជួយសម្អាតថ្លើម ហើយធ្វើឲ្យមុខងារច្រោះឈាមរបស់វាមានភាពប្រសើរឡើង។
៣. បង្កើនសុខភាពបេះដូង
ទឹកខ្មេះផ្លែប៉ោម មានផ្ទុកសម្បូរទៅដោយអាស៊ីត chlorogenic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អធ្វើឱ្យអ្នកជៀសផុតពីបញ្ហានៃជំងឺបេះដូង។ លើសពីនេះទៅទៀត ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ទឹកខ្មេះផ្លែប៉ោម ក៏មានប្រសិទ្ធិភាពគ្រប់គ្រងកម្រិតនៃជាតិខ្លាញ់ផងដែរ។
៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
អាស៊ីតអាសេទិកនៃទឹកខ្មេះផ្លែប៉ោមអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនការឆ្លើយតបទៅនឹងអាំងស៊ុយលីនផងដែរ។
៥. ព្យាបាលជំងឺផ្ដាសាយ និងឈឺបំពង់ក
ទឹកខ្មេះផ្លែប៉ោម ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពបំផុតមួយជួយព្យាបាលជំងឺផ្ដាសាយ និងឈឺបំពង់កបានយ៉ាងឆាប់រហ័សតាមរយៈជាតិវីតាមីន និងអាស៊ីតអាសេទិកដែលវាមានផ្ទុក។ អ្នកអាចទទួលទានទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយលាយជាមួយទឹកធម្មតា ១ កែវ អោយបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។
៦. បំបាត់អាការៈក្រហាយទ្រូង
ប្រសិនបើអ្នកបំបាត់រោគសញ្ញាក្រហាយទ្រូង ចូរលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ ហើយទទួលទាននៅកំឡុងពេលអាហារ។ ទឹកខ្មេះផ្លែប៉ោមជួយបន្ថយអាស៊ីតក្រពះ និងរារាំងមិនឲ្យអាស៊ីតក្រពះហូរត្រឡប់ទៅក្នុងបំពង់អាហារវិញ។
- របៀបទទួលទានទឹកខ្មេះផ្លែប៉ោម
ដើម្បីទទួលបានភេសជ្ជៈទឹកខ្មេះផ្លែប៉ោមរសជាតិឆ្ងាញ់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆា្មរស្រស់ ១ ផ្លែ ក្នុងទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយចូល។ កូរអោយសព្វ សឹមទទួលទាន៕