ជំងឺអ៊ុតស្វាយគឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយវីរុស Varicella-zoster Virus (VZV)។ ការបង្ករោគដោយវីរុសមួយនេះ នឹងធ្វើឲ្យកើតជាកន្ទួលរមាស់ដែលកើតឡើងជាមួយនឹងពងបែកមានទឹកខាងក្នុង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺអ៊ុតស្វាយ គឺជាជំងឺដែលអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំង។ តាមពិតទៅ ការចាក់វ៉ាក់សាំងជំងឺអ៊ុតស្វាយពីរដង អាចមានប្រសិទ្ធភាពបង្ការជំងឺនេះបានប្រហែល ៩៤ភាគរយ។ ថ្វីបើអ្នកនៅតែអាចកើតជំងឺអ៊ុតស្វាយទៀតដដែលទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ តែវាមិនទំនងជាកើតឡើងញឹកញាប់ទេ ហើយបើសិនជាកើតមែនក៏ជាលក្ខណៈស្រាលដែរ។
ជំងឺអ៊ុតស្វាយអាចបង្ការតាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានណែនាំឲ្យប្រើលើ៖
- កុមារគ្រប់រូប
- មនុស្សវ័យជំទង់
- មនុស្សធំដែលមិនទាន់កើតជំងឺនេះ
ក្មេងគួរតែចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយដូចគ្នានឹងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិដែរ។ ការចាក់ថ្នាំនេះដំបូងគួរតែធ្វើនៅចន្លោះពេលអាយុ ១២ ទៅ ១៥ខែ។ ទីពីរគួរតែចាក់នៅអាយុចន្លោះ ៤ ទៅ ៦ឆ្នាំ។ មនុស្សធំ ឬវ័យជំទង់ដែលមិនទាន់ចាក់វ៉ាក់សាំង គួរតែចាក់ទាំងពីរដងដដោយរំលងខែ។
ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនមិនគួរណាចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយនេះឡើយដូចជា៖
- អ្នកដែលមានប្រតិកម្មធ្ងន់ធ្ងរនឹងវ៉ាក់សាំងលើកមុន
- ស្រ្តីមានផ្ទៃពោះ ឬអាចមានផ្ទៃពោះ
- អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែជំងឺ ឬការព្យាបាលជំងឺណាមួយ
- អ្នកដែលទើបតែចាក់បញ្ចូលឈាម ឬផ្លាស្មារួច
- អ្នកដែលមានជំងឺជំងឺរបេងសកម្ម មានជំងឺរបេងមិនបានព្យាបាល
- អ្នកដែលទើបមានជំងឺធ្ងន់ធ្ងរជាងជំងឺផ្តាសាយ។
ក្មេង និងមនុស្សធំគួរតែចៀសវាងការលេបថ្នាំអាស្ពីរិន និងថ្នាំផ្សេងៗទៀតដែលផ្ទុកទៅដោយសារធាតុ Salicylates រយៈពេល ៦សប្តាហ៍ក្រោយពីចាក់វ៉ាក់សាំងរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែវាធ្វើឲ្យប្រឈមនឹងជំងឺ Reye’s Syndrome ដែលជាជំងឺដ៏កម្រ ហើយប៉ះពាល់ដល់អាយុជីវិតថែមទៀត៕