ក្រូចឆ្មារ ជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ផ្លែឈើរសជាតិជូរនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍ដឹងទេថា ក្រៅពីជួយបង្កើនរសជាតិអាហារ និងភេសជ្ជៈមួយចំនួនហើយនោះ ក្រូចឆ្មារ អាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសារៈសំខាន់នៃក្រូចឆ្មារចំពោះសុខភាពរាងកាយ ៖

១. ផ្ទុកសម្បូរទៅដោយវីតាមីន C ខ្ពស់

ក្រូចឆ្មារ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល
ជួយទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ។ វីតាមីន C ក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺសសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយផងដែរ។

២. សុខភាពមាត់ធ្មេញ

អត្ថប្រយោជន៍ដ៏ល្អបំផុតមួយទៀតនៃក្រូចឆ្មារ គឺជួយដោះស្រាយបញ្ហាមាត់ធ្មេញបានយ៉ាងប្រសើរ។ ទឹកក្រូចឆ្មារជួយបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែប្រើវាលាបទៅលើធ្មេញដែលឈឺជាការស្រេច។ ទឹកក្រូចឆ្មារក៏ជួយបំបាត់អាការៈហូរឈាមអញ្ចាញផងដែរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់លើអញ្ចាញដែលរងផលប៉ះពាល់។

៣. ព្យាបាលជំងឺរាក់ស៊ីធ្មេញ

ក្រូចឆ្មារ ជួយព្យាបាលជំងឺរាក់ស៊ីធ្មេញបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់តាមរយៈបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ៤ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ ហើយទទួលទានរៀងរាល់ ២ ទៅ ៤ ម៉ោងម្ដង។

៤. ជួយឱ្យស្រកទម្ងន់

សារធាតុ polyphenol ដែលមានផ្ទុកក្នុងក្រូចឆ្មារជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ហើយជាទូទៅរូបមន្តសម្រកទម្ងន់បែបធម្មជាតិនេះតម្រូវឲ្យអ្នកទទួលទានទឹកក្រូចឆ្មារស្រស់លាយជាមួយទឹកឃ្មុំ និងទឹកក្ដៅឧណ្ហៗរៀងរាល់ព្រឹកមុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេង សូម្បីតែទឹកធម្មតា។ ភេសជ្ជៈនេះក៏ជួយកម្ចាត់នូវរាល់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយផងដែរ។

៥. លក្ខណៈសម្បត្តិប្រឆាំងបាក់តេរី

មូលហេតុពិសេសមួយទៀតដែលធ្វើ​ឱ្យក្រូចឆ្មារសំខាន់សម្រាប់សុខភាពរាងកាយនោះ គឺវាមានផ្ទុកលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗដែលអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភចំពោះរាងកាយ។

៦. សុខភាពឆ្អឹង

ការទទួលទានក្រូចឆ្មារក៏ជួយបង្កើនសុខភាពឆ្អឹងគួរឱ្យកត់សម្គាល់ផងដែរ។ វាមានផ្ទុកសម្បូរទៅដោយវីតាមីន C និងកាល់ស្យូមដែលជួយក្នុងការរក្សា និងធ្វើឲ្យសុខភាពឆ្អឹងកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ក្រូចឆ្មារក៏ជួយការពារឆ្អឹងពីជំងឺផ្សេងៗទាក់ទងនឹងឆ្អឹងរួមបញ្ចូលទាំងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, ជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់ឆ្អឹង។

៧. ទប់ស្កាត់ក្រួសក្នុងតម្រងនោម

អាស៊ីតស៊ីទ្រិកដែលមានក្នុងទឹកក្រូចឆ្មារជួយទប់ស្កាត់បញ្ហាគ្រួសក្នុងតម្រងនោមបានយ៉ាងប្រសើរ។ ស៊ីត្រាតដែលជាសមាសធាតុមួយនៃអាស៊ីតស៊ីទ្រិកធ្វើឱ្យទឹកនោមមិនសូវមានជាតិអាស៊ីត និងថែមទាំងអាចបំបែកក្រួសតូចៗក្នុងតម្រងនោមទៀត។ ការទទួលទានទឹកក្រូចឆ្មារមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវស៊ីត្រាតគ្រប់គ្រាន់ឡើយ ប៉ុន្តែក៏ផ្ដល់ឱ្យរាងកាយនូវជាតិទឹកស្របតាមតម្រូវការដើម្បីទប់ស្កាត់ ឬកម្ចាត់ចោលនូវក្រួសផងដែរ។

៨. ព្យាបាលបញ្ហាផ្លូវដង្ហើម

ក្រូចឆ្មារ ក៏មានប្រសិទ្ធិភាពជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមដូចជា ជំងឺហឺត បានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង