ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានជំងឺរលាកក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺរលាកក្រពះ គឺជាការរលាកដែលកើតឡើងលើស្រទាប់នៃក្រពះ។ កត្តាច្រើនណាស់ដែលបណ្ដាលឱ្យកើតមានបញ្ហារលាកក្រពះ រួមទាំងការស្ត្រេស, ជម្រើសនៃអាហារ, គ្រឿងស្រវឹង និងសូម្បីតែការទទួលទានថ្នាំមួយចំនួន។ ទោះជាយ៉ាងណា ជំងឺរលាកក្រពះអាចឆាប់ជាសះស្បើយ ដោយចាប់ផ្ដើមចេញពីការផ្លាស់ប្ដូររបបអាហារ ព្រមទាំងទម្លាប់ខ្លះៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារលាកក្រពះបានឆាប់រហ័ស ៖
១. បំបែកអាហារទៅជាបំណែកតូចៗ
ដើម្បីសម្រួលដល់ក្រពះក្នុងការកិនរំលាយអាហារផ្សេងៗនោះ ចូរហាន់អាហាររបស់អ្នកទៅជាចំណិត ឬបំបែកតូចៗ និងទំពារយឺតៗឱ្យម៉ដ្ឋល្អ។ វិធីនេះជួយឱ្យក្រពះរំលាយអាហារបានកាន់តែប្រសើរជាងមុនដោយគ្មានការរលាក។
២. ទទួលទានអាហារសម្បូរទៅដោយជាតិសសៃខ្ពស់
របបអាហារដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺរលាកក្រពះ គឺមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ជាតិសសៃជួយឱ្យឆាប់ឆ្អែត ដូច្នេះអ្នកនឹងទទួលទានតិច។ លើសពីនេះទៅទៀត ជាតិសសៃក៏អាចជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយដែលកាត់បន្ថយការរលាកក្នុងក្រពះផងដែរ។
ប្រភពដ៏ល្អនៃជាតិសសៃ គឺបន្លែផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិ។
៣. អាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីបញ្ហារលាកក្រពះ តាមរយៈការកាត់បន្ថយហានិភ័យទាក់ទងនឹងបញ្ហារំលាយអាហារ។ ប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម គឺបន្លែផ្លែឈើ។
៤. អាហារមានជាតិខ្លាញ់ទាប
អាហារមានជាតិខ្លាញ់ទាបជួយកាត់បន្ថយការរលាកស្រទាប់ក្រពះគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីធូរស្រាលពីអាការៈនៃជំងឺ ចូរបន្ថែមជ្រើសរើសទទួលទានអាហារដែលមានជាតិខ្លាញ់ទាប។
៥. យ៉ាអួរ
ប្រសិនបើអ្នកចង់ប្រយុទ្ធប្រឆាំងនឹងការរលាកដែលកើតឡើងក្នុងក្រពះ ចូរបន្ថែមយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ យ៉ាអួរមានផ្ទុកជាតិប្រូបាយអូទិកដែលជួយបង្កើនការផលិតបាក់តេរីល្អៗក្នុងក្រពះ និងពោះវៀន៕