ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ប៉ុន្តែថាតើនឹងមានអ្វីកើតឡើងទៅប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហានៃកង្វះជាតិទឹក ៖

១. អស់កម្លាំង

ទឹក ជាប្រភពថាមពលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ។ ការទទួលទឹកមិនបានគ្រប់គ្រាន់ ឬកង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការសកម្មភាពនៃអង់ស៊ីមដែលបណ្ដាលឱ្យអ្នកអស់កម្លាំង។

២. អាឡែកស៊ី និងជំងឺហឺត

រាងកាយនឹងរឹតបន្តឹងផ្លូវដង្ហើម ដើម្បីរក្សាទឹក ជាពិសេសនៅពេលខ្វះជាតិទឹក។ លើសពីនេះទៅទៀត រាងកាយក៏ផលិតសារធាតុ histamine ដែលរាងកាយតែងបញ្ចេញនៅរាល់ពេលប្រឈមទៅនឹងប្រតិកម្មអាឡែកស៊ីកាន់តែច្រើនផងដែរនៅពេលទទួលបានជាតិទឹកមិនគ្រប់គ្រាន់។

៣. កម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់

រាងកាយផលិតកូឡេស្តេរ៉ូលកាន់តែច្រើនជាមធ្យោបាយការពារ ឬទប់ស្កាត់ការបាត់បង់ជាតិទឹក។ បញ្ហានេះតែងកើតឡើងញឹកញាប់កំឡុងពេលកង្វះជាតិទឹកក្នុងរាងកាយ។

៤. បញ្ហាផ្លោកនោម និងតម្រងនោម

កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ នោះជាតិពុល រួមទាំងកាកសំណល់អាស៊ីតនឹងប្រមូលផ្ដុំ។ ហើយផ្លោកនោម រួមទាំងតម្រងនោមនឹងប្រែជាចុះខ្សោយក្លាយជារលាក, ឈឺចាប់ និងឆ្លងមេរោគ។

៥.ទល់លាមក

ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀតនៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹងធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេសអាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។

៦. ឈឺសន្លាក់

ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។

៧. កើនទម្ងន់

រាល់កោសិកាដែលខ្វះជាតិទឹកមិនមានថាមពលគ្រប់គ្រាន់ឡើយ ហើយអ្នកងាយនឹងឆាប់មានអារម្មណ៍ឃ្លាន រួចចាប់ផ្ដើមទទួលទានកាន់តែច្រើនជាងមុនទាំងដែលការពិតអ្នកគ្រាន់តែស្រេកទឹក។

៨. សម្ពាធឈាមឡើងខ្ពស់

កង្វះជាតិទឹកអាចបណ្ដាលឱ្យឈាមប្រែជាខាប់ ហើយជះឥទ្ធិពលលើលំហូរឈាមដែលបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់។

៩. បញ្ហាស្បែក

ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច។ ជាញឹកញយ ​ស្បែកស្ងួតជាអាការៈដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ។ លើសពីនេះទៅទៀត កង្វះជាតិទឹកមានន័យថា កង្វះញើស ជាហេតុបណ្ដាលឱ្យយរាងកាយអសមត្ថភាពក្នុងការសម្អាតភាពកង្វក់ និងប្រេងដែលបានប្រមូលផ្ដុំ។

១០. បញ្ហាប្រព័ន្ធរំលាយអាហារ

ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង